ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥

ឆមាសទី ១ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ៣លាននាក់ 

១៥ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបប្រមាណជិត ៣លាននាក់ កើនឡើង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

 

 

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ក្នុងឆមាសទី១ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណជិត ៣លាននាក់ កើនឡើង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ២លាន៣សែននាក់ កើនឡើង ៦៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំណែកភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥សែន៦ម៉ឺននាក់ កើនឡើង ៨% បើប្រៀធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ៥សែន២ម៉ឺននាក់។

 

 


ទន្ទឹមនឹងនេះ កំណើននៃភ្ញៀវទេសចរ បានមកពីប្រសិទ្ធភាពនៃការដឹកនាំយកចិត្តទុកដាក់ផ្ទាល់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តវិធានការគន្លឹះទាំង ១៦ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចជា៖ ការកាត់បន្ថយកម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ការដាក់ឱ្យដំណើការប្រព័ន្ធ E-Arrival ការបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិក (E-Visa) ការសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារអន្តរជាតិ ការកែសម្រួលប្រព័ន្ធលក់សំបុត្រអង្គរ ការកែសម្រួលម៉ោងបើក-បិទ ចូលទស្សនាប្រាសាទ ការកែសម្រួលលក្ខខណ្ឌតម្រូវនៃការថតវីដេអូ និងរូបភាពសន្លឹកនៅអង្គរ ការកែលម្អដងស្ទឹងសៀមរាប និងការកសាងផ្លូវទៅសហគមន៍ទេសចរណ៍កំពង់ភ្លុក។

 


ជាមួយគ្នានេះ ដើម្បីសម្រួលដល់អាជីវកម្មទេសចរណ៍ សម្រួលការធ្វើដំណើរ និងទស្សនារបស់ទេសចរ ក៏ដូចជាបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍កម្ពុជា រដ្ឋាភិបាលបានលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានអាជីវកម្មនៅខេត្តសៀមរាប ក្នុងនោះ ការផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ផ្តល់ឥណទានផងដែរ។ 

 


គួរជម្រាបថា ពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦,៧លាននាក់ កើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងចំនួនភ្ញៀវទេសចរអន្តរពី ៧,២លាននាក់ ទៅ ៧,៥លាននាក់៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025