ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

អាជីវកម្មបិទទ្វារឈប់ដំណើរការនៅក្នុងប្រទេសថៃ កើនឡើងជាង ៨% ក្នុងរយៈពេល ៤ខែដើមឆ្នាំ

០៤ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ បានបង្ហាញថា អាជីវកម្មសរុបចំនួនជិត ៤ពាន់ នៅក្នុងប្រទេសថៃ បានឈប់ដំណើរការ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៥ ពោលគឺកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។ សមាជិកសភានៃប្រទេសថៃ បានសម្តែងការព្រួយបារម្ភចំពោះ ការកើនឡើងនៃការបិទអាជីវកម្មក្នុងអំឡុងពេលការជជែកដេញដោលលើថវិកាសារពើពន្ធឆ្នាំ ២០២៦ ក្រោយពេលដែលនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ បានរាយការណ៍ថា ដើមទុនចុះបញ្ជីសរុបនៃអាជីវកម្មដែលបានបិទទ្វារគឺជាង ៤៨០លានដុល្លារអាមេរិក។

 


វិស័យកំពូលទាំងបីដែលមានការបិទច្រើនជាងគេគឺ សំណង់ទូទៅ បិទទ្វារចំនួន ៣៧២អាជីវកម្ម, អចលនទ្រព្យ មានការបិទចំនួន ១៨៤  និងភោជនីយដ្ឋាន បិទទ្វារចំនួន ១៥៩អាជីវកម្ម។នាយកដ្ឋាន បានបន្ថែមថា កត្តាសំខាន់ៗនៅពីក្រោយការបិទទ្វារ រួមមានការកើនឡើងនៃបំណុលគ្រួសារដែលបានកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ សេដ្ឋកិច្ចពិភពលោកដែលមានការប្រែប្រួល និងភាពមិនច្បាស់លាស់លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

 


ដោយឡែក ការចុះឈ្មោះអាជីវកម្មថ្មី មានចំនួនសរុបជាង ៣ម៉ឺន ក្នុងអំឡុងពេលដូចគ្នា តែក៏បង្ហាញពីការថយចុះនៃការចុះឈ្មោះប្រមាណ ៤% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។វិស័យសកម្មបំផុតសម្រាប់គ្រឹះស្ថានថ្មីចុះបញ្ជីថ្មីគឺ៖ ការសាងសង់ទូទៅ, អចលនទ្រព្យ, និងភោជនីយដ្ឋាន។

 


សូមជម្រាបថា មជ្ឈមណ្ឌលស្រាវជ្រាវ កសិកន បានព្យាករថា រោងចក្រថៃកាន់តែច្រើន នឹងបិទនៅឆ្នាំនេះ ជាងកាលពី ២ឆ្នាំមុន ដោយលើកឡើងពីការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្ត៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025