ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

៥ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

០២ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

កម្ពុជា រកចំណូលបានជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង ៥២ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៥ខែឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលបានចេញផ្សាយនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ បានបង្ហាញថា គិតត្រឹមរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសចំនួន ៥២ម៉ឺន២ពាន់នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជាង ២៤,៥៦ លានដុល្លារអាមេរិក មានការកើនឡើង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ការលក់ប័ណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៥ខែនេះ ទទួលបានចំណូល ១៧ម៉ឺន២ពាន់ ដុល្លារ ពីទេសចរចំនួន ១ម៉ឺន១ពាន់ នាក់។ ចំណែក ចំណូលពីការលក់សំបុត្រទូក ក្នុងរយៈពេល៥ខែ ដូចគ្នានេះ ទទួលបានចំណូលសរុប ៧៩ម៉ឺន២ពាន់ដុល្លារ។ ក្នុងនោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា ក្នុងរយៈពេល៥ខែ ដូចគ្នានេះ ទទួលបានចំណូលសរុប ៧ម៉ឺន៥ពាន់ដុល្លារ។

 


ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ចាប់ពីខែឧសភាហូតដល់ខែតុលា ដោយសម្របសម្រួលបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ខណៈនៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែលបានបង្កើតការងារ និងផ្ដល់ប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្មមគ្គុទេសក៏ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។យោងតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ កើនឡើង១៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

 


លើសពីនេះ កម្ពុជា រំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់ នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង ៥ពាន់លានដុល្លារ។គួររំលឹកថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣% ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% បើធៀបនឹងឆ្នាំ ២០២៣។


គួរជម្រាបថា ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025