ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
នៅសប្តាហ៍ទី ១ ដើមខែមិថុនានេះ តម្លៃប្រេងឆៅសកល បានកើនឡើងប្រមាណ ២% បន្ទាប់ពីបណ្តាសមាជិក OPEC+ សម្រេចរក្សាការដំឡើងទិន្នផលប្រេង ៤សែនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែមិថុនានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ២% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦២ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការកើនឡើងប្រមាណ ២%។
តម្លៃប្រេងឆៅសកល បានបន្តកើនឡើងបន្តិច បន្ទាប់ពីអង្គការ OPEC+ បានយល់ព្រមរក្សាល្បឿនផលិតកម្មប្រេង សម្រាប់រយៈពេល ៣ខែជាប់ៗគ្នា ដោយបង្កើនទិន្នផលនៅក្នុងខែកក្កដា ជាង ៤សែនបារ៉ែលក្នុងមួយថ្ងៃ ស្របតាមការរំពឹងទុករបស់ទីផ្សារ។
បណ្តាប្រទេស OPEC+ ដើមឡើយ មានគម្រោងបង្កើនទិន្នផល ត្រឹម ១៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកក្កដា ជាផ្នែកនៃផែនការដើម្បីបន្ធូរបន្ថយបន្តិចម្តងៗនូវ ការកាត់បន្ថយទិន្នផលចុងក្រោយរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះបានកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនដោយលើកឡើងពី ទស្សនវិស័យសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារ ដែលមានសុខភាពល្អ នាពេលបច្ចុប្បន្ន។យ៉ាងណា OPEC+ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពី ការដំឡើងផលិតកម្មដែលធំជាងមុន។
អ្នកវិភាគ បានបញ្ជាក់ថា បើសម្លឹងឆ្ពោះទៅមុខ កម្រិតទាបនៃស្តុកឥន្ធនៈរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យការផ្គត់ផ្គង់ មានភាពច្របូកច្របល់។ជាចុងក្រោយ ពាណិជ្ជករ ក៏កំពុងឃ្លាំមើលយ៉ាងដិតដល់នូវ ផលប៉ះពាល់នៃតម្លៃទាបលើផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិក ដែលបានឈានដល់កម្រិតខ្ពស់គឺ ១៣,៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមីនា៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ