ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Miss Cosmo Cambodia 2025 កាន់តែប្លែកទាក់ទាញ និងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជន ខណៈវគ្គផ្ដាច់់ព្រ័ត្រនឹងចូលមកដល់ឆាប់ៗ។ការប្រកួតសម្រស់ Miss Cosmo Cambodia 2025 នៅក្នុងរាត្រីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៥ កាន់តែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ពីសមត្ថភាពរបស់បេក្ខភាពនីមួយៗ ខណៈវគ្គផ្ដាច់ព្រ័ត្រនឹងចូលមកដល់នាពេលឆាប់ៗ ។
Miss Cosmo Cambodia 2025 គឺជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជា ដែលបានទាក់ទាញដៃគូរសហការខ្លាំងៗជាច្រើនឱ្យចូលរួម ហើយក៏បានក្លាយជាវេទិកាឈានមុខគេសម្រាប់ការពង្រឹងសមត្ថភាព សម្រស់ និងតំណាងទូទាំងពិភពលោក ។
ការប្រកួតប្រជែងនៅឆ្នាំនេះគឺជាការស្វាគមន៍នៃការវិលត្រលប់មកវិញរបស់បេក្ខនារី ដែលធ្លាប់បានជាប់ចំណាត់ថ្នាក់ក្នុងការប្រកួតកន្លងមក ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ទេពកោសល្យចម្រុះ និងការតស៊ូមតិប្រកបដោយប្រសិទ្ធភាព ដើម្បីដណ្តើមមកុដ Miss Cosmo Cambodia 2025 ឈានទៅឆាកអន្តរជាតិ ។
សម្រាប់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិព្រមទាំងសិល្បករសិល្បការិនីជាច្រើនដែលបានចូលរួមអបអរសាទរក្នុងការប្រកួត Miss Cosom Cambodia 2025 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានលាន់មាត់សរសើរពីការរៀបចំកម្មវិធីនេះគ្រប់ៗគ្នា ជាពិសេសម្នាក់ៗបានផ្ញើសារជូនពរឱ្យបេក្ខភាពទាំងអស់ប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពដើម្បីទទួលបានមកុដក្នុងក្តីស្រមៃខ្លួនទៅឆាកអន្តរជាតិ ។
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Miss Cosmo Cambodia 2025 លោកស្រី Fiffany Vu នាយកគ្រប់គ្រង Miss Cosmo Cambodia ឱ្យដឹងផងដែរថា ក្នុងនាមជា ND មួយរូបលោកស្រីពិត សប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងចូលរួមទស្សនាដោយផ្ទាល់ និងទស្សនាតាមផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ។ ទន្ទឹមគ្នានេះពួកយើងប្តេជ្ញាខ្ពស់ក្នុងការបង្ហាញនូវកិត្តិយ និងគុណតម្លៃនៃវប្បធម៌ ដោយធានារាល់កិច្ចការបានឆ្លុះបញ្ចាំងពីស្មារតីជាតិ ។
ដោយឡែកលោកជំទាវ កេន អច្ឆរ៉ា ម្ចាស់ផលិតផលក្រុមហ៊ុន Morea ដែលជាម្ចាស់ឧបត្តម្ភធំរបស់ Miss Cosmo Cambodia ព្រមទាំងជាគណកម្មការបានបញ្ជាក់ប្រាប់ថា ក្នុងនាមជាគណកម្មការមួយរូបក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនេះគឺលោកជំទាវពិតជាមានមោទនភាពជាខ្លាំងសម្រាប់បេក្ខភាពគ្រប់រូបរបស់កម្ពុជានៅក្នុងរាត្រីនេះ ដែលគ្រប់គ្នាពោរពេញទៅដោយ ទេពកោសល្យ ទំនុកចិត្ត និងភាពក្លាហានដណ្ដើមយកម្កុដតែម្ដង ។
សម្រាប់វគ្គការប្រកួតផ្តាច់ព្រ័ត្ររបស់ Miss Cosmo Cambodia 2025 នឹងរៀបចំឡើងនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៥ខាងមុខ បេក្ខភាពទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីដណ្តើមមកុដ កុំភ្លេច ចូលរួមទស្សនាទាំងអស់គ្នា ថាតើបេក្ខភាពរូបណា នឹងគ្រងមកុដ Miss Cosmo Cambodia 2025 ដើម្បីឡើងទៅឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា អ៊ិន លក្ខិណា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត