ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ភាពយន្តហូលីវូដថ្មី២រឿងគឺ “Lilo & Stitch” និង “Mission: Impossible” វគ្គថ្មីបានបំបែកកំណត់ត្រាដោយអាចរកចំណូលសរុបចូលគ្នាជិត ៥០០ លានដុល្លារ នៅចុងសប្ដាហ៍ឈប់សម្រាកបុណ្យ Memorial Day នៅអាមេរិក។
ភាពយន្ត Live action ថ្មីពី Disney គឺ “Lilo & Stitch” និងភាពយន្តអ្នកបើកយន្តហោះចម្បាំង “Mission: Impossible” វគ្គថ្មីរបស់ Tom Cruise អាចរកចំណូលបានដល់ ៤៩៤ លានដុល្លារពីជុំវិញពិភពលោក ក្នុងរយៈពេលត្រឹម ៣ ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅ។
ភាពយន្ត "Lilo & Stitch" គឺជាការថតឡើងវិញសម្រាប់ភាពយន្តគំនូរជីវចលឆ្នាំ ២០០២ របស់ Disney មានសាច់រឿងនិយាយពីតុក្កតាអេលៀនពណ៌ខៀវក្បាលខូចដែលបានធ្លាក់ពីយានអវកាសនៅកោះហាវ៉ៃ ហើយត្រូវបានបងប្អូនស្រីពីរនាក់យកទៅចិញ្ចឹម។ ចេញបញ្ចាំងដំបូងកាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា ភាពយន្តនេះអាចរកចំណូលបាន ៣០៤ លានដុល្លារជុំវិញពិភពលោកគិតត្រឹមថ្ងៃអាទិត្យ ដែលក្នុងនោះចំណូលនៅសហរដ្ឋអាមេរិកនិងកាណាដាគឺ ១៤៥,៥ លានដុល្លារ។
ចំណូលខាងលើធ្វើឱ្យភាពយន្តនេះអាចបំបែកកំណត់ត្រាចំណូលលក់សំបុត្រកុននៅអាមេរិកសម្រាប់ចុងសប្ដាហ៍នៃពិធីបុណ្យ Memorial Day ខណៈអ្នកកាន់កាប់កំណត់ត្រានេះពីមុនគឺភាពយន្ត "Top Gun: Maverick" កាលពីឆ្នាំ២០២២។
មិនតែប៉ុណ្ណោះ "Lilo & Stitch" ក៏បានក្លាយជាភាពយន្តថតតាមគំនូរជីវចលរបស់ Disney ដ៏ជោគជ័យបំផុតមួយដែរ បន្ទាប់ពីភាពយន្ត “The Lion King” កាលពីឆ្នាំ២០១៩ ដែលអាចរកចំណូលក្នុងសប្ដាហ៍បើកឆាកនៅអាមេរិកបាន ១៩២ លានដុល្លារ និងភាពយន្ត “Beauty and the Beast” កាលពីឆ្នាំ២០១៧ ដែលអាចរកបាន ១៧៥ លានដុល្លារក្នុងសប្ដាហ៍ដំបូងនៅអាមេរិក។
ងាកមកភាពយន្តចារកម្ម "Mission: Impossible" វគ្គ៨ គឺអាចរកចំណូលបាន ១៩០ លានដុល្លារពីទូទាំងពិភពលោក ដោយក្នុងនោះចំណូលពីសហរដ្ឋអាមេរិកនិងកាណាដាគឺ ៦៣ លានដុល្លារ។ ផ្អែកតាមអ្នកនាំពាក្យរបស់ Paramount Pictures ចំណូលនេះគឺជាចំណូលបើកឆាកខ្ពស់បំផុតសម្រាប់សែស្រឡាយភាពយន្ត “Mission: Impossible” ៕
ប្រែសម្រួល៖ វ៉ាន់ថន