ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥

YG បង្ហើបគម្រោងថ្មីសម្រាប់ BLACKPINK និងសិល្បករជាច្រើនទៀតក្នុងឆ្នាំនេះ

២៦ ឧសភា ២០២៥ | កម្សាន្ដ

 

ផលិតកម្មចម្រៀងកូរ៉េ YG បានបង្ហើបគម្រោងថ្មីៗមួយចំនួនសម្រាប់សិល្បកររបស់ខ្លួនដូចជា BLACKPINK, BABYMONSTER, TREASURE និងក្រុមថ្មីៗមួយចំនួនទៀតសម្រាប់ឆ្នាំ២០២៥នេះ។

 


ពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ផលិតកម្ម YG Entertainment បានចេញវីដេអូប្រកាសមួយ ដែលក្នុងនោះស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Yang Hyun Suk បានបង្ហាញពីគម្រោង Comeback សម្រាប់ក្រុម BLACKPINK, BABYMONSTER, និង TREASURE រួមជាមួយគម្រោងបង្ហាញមុខក្រុមចម្រៀងថ្មីមួយចំនួន។

 


ចាប់ផ្ដើមដំបូងគេ លោកបានប្រកាសថាក្រុមចម្រៀង BLACKPINK ដែលបច្ចុប្បន្នកំពុងត្រៀមខ្លួនសម្រាប់ការប្រគំទេសចរណ៍ពិភពលោក នឹងចេញបទចម្រៀងថ្មីមួយបទក្នុងពេលឆាប់ៗ។ បទចម្រៀងថ្មីនេះនឹងជាការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់ពួកគេក្នុងរយៈពេល ២ ឆ្នាំ ៨ ខែ បន្ទាប់ពីអាល់ប៊ុម "Born Pink" បានចេញតាំងពីខែកញ្ញា ឆ្នាំ ២០២២។ សមាជិកទាំង៤របស់ BLACKPINK គ្រោងនឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមានឈ្មោះថា "Deadline" នៅទីក្រុងសេអ៊ូល នៅថ្ងៃទី ៥ និង ៦ ខែកក្កដាខាងមុខនេះ។

 


ទន្ទឹមនឹងនេះ ក្រុមចម្រៀងនារីវ័យក្មេង BABYMONSTER នឹងចេញបទចម្រៀងថ្មីមានចំណងជើងថា "HOT SAUCE" នៅថ្ងៃទី ១ ខែកក្កដា ព្រមជាមួយបទចម្រៀងមួយបទទៀតនៅក្នុងខែកញ្ញា មុនអាល់ប៊ុមខ្នាតតូចថ្មីរបស់ពួកគេចេញផ្សាយផ្លូវការនៅថ្ងៃទី ១ ខែតុលា។ អាល់ប៊ុមថ្មីនេះនឹងមានបទចម្រៀងសរុបចំនួន ៤ បទ រួមទាំងបទចម្រៀង "HOT SAUCE" និងបទចម្រៀងទីពីរដែលត្រៀមចេញនៅក្នុងខែកញ្ញា។

 


បន្តទៀត លោក Yang Hyun Suk បានប្រកាសថា បច្ចុប្បន្នក្រុមចម្រៀងបុរស TREASURE កំពុងធ្វើការលើអាល់ប៊ុមខ្នាតតូចថ្មី ដោយកាលបរិច្ឆេទចេញផ្សាយត្រូវបានកំណត់ជាបណ្តោះអាសន្ននៅថ្ងៃទី ១ ខែកញ្ញា។ បន្ទាប់ពីការផ្សព្វផ្សាយអាល់ប៊ុមថ្មីក្នុងខែកញ្ញា ពួកគេនឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីនៅខែតុលា។

 


ចុងក្រោយស្ថាបនិកក្រុមហ៊ុនរូបនេះបានឱ្យដឹងថា YG Entertainment បច្ចុប្បន្នមានក្រុមចម្រៀងប្រុសកំពុងហ្វឹកហាត់ចំនួនពីរក្រុម និងក្រុមនារីហ្វឹកហាត់ចំនួនពីរដូចគ្នា ដោយលោកគ្រោងនឹងបង្ហាញក្រុមចម្រៀងប្រុសមួយក្នុងចំណោមក្រុមទាំងពីរនៅឆ្នាំក្រោយ ប៉ុន្តែក៏ចង់បង្ហាញមុខក្រុមនារីមួយដែលមានសមាជិកបួននាក់ផងដែរ។ សមាជិកទាំងបួននាក់នៃក្រុមចម្រៀងនារីថ្មីនេះនឹងត្រូវបានបង្ហាញម្តងមួយៗចាប់ពីថ្ងៃទី ២៨ ខែឧសភា ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025