ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥

ប្រទេសចិនបង្ហាញសមត្ថភាពរ៉ូបូតដែលទើបតែផលិតថ្មីៗមុនការប្រកួតរ៉ូបូតពិភពលោកនាខែមិថុនា

២៦ ឧសភា ២០២៥ | កម្សាន្ដ

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនស៊ីអឹមជី (CMG) កាលពីថ្ងៃព្រហស្បតិ៍បានរៀបចំសន្និសីទមួយនៅទីក្រុងប៉េកាំងស្ដីពីទស្សនវិស័យនៃរ៉ូបូតនាពេលអនាគត។ ពិធីនេះរៀបចំឡើងមុនការប្រកួតប្រជែងស្នាដៃផលិតរ៉ូបូតពិភពលោកនាខែមិថុនាខាងមុខនេះ។

 


ពិធីប្រកួតប្រជែងស្នាដៃនេះរៀបចំដោយមជ្ឈមណ្ឌលសង្គម និងការអប់រំនៃប្រព័ន្ធផ្សព្វផ្សាយស៊ីអឹមជី និងមានគោលដៅដាក់បង្ហាញគំនិតច្នៃប្រឌិតចុងក្រោយនៅក្នុងវិស័យរ៉ូបូត។ ការច្នៃប្រឌិតទាំងនោះធ្វើឡើងតាមរយៈការឆ្លងកាត់ឧបសគ្គពិបាកៗ និងការអនុវត្តនៅក្នុងជីវិតជាក់ស្ដែង។

 

 

ក្រុមការងារខាងលើនេះរៀបចំពិធីជួបជុំមុនពេលបើកព្រឹត្តិការណ៍ធំដែលនឹងចូលរួមដោយក្រុមអ្នកជំនាញមានបទពិសោធជ្រៅជ្រះខាងផលិតរ៉ូបូតបំពាក់បច្ចេកវិទ្យាជាន់ខ្ពស់។ គេឃើញរ៉ូបូតដែលផលិតមានរូបរាងជាមនុស្សយន្ត២គ្រឿងអាចធ្វើចលនាបានរហ័សរហួន។

 

 

ពួកគេចូលរួមលេងបាល់ទាត់ និងបង្ហាញចលនារេផ្លិច ឬភាពបត់បែនឆាប់រហ័ស ប្រកបដោយថាមពលខ្លាំងក្លា។ រ៉ូបូតនេះរចនាឡើងតាមរូបរាងរបស់កវីកំណាព្យចិនសម័យបុរាណឈ្មោះស៊ូស៊ី (Su Shi) អង្គុយសូត្រកំណាព្យនៅមុខទស្សនិកជននៅក្នុងកម្មប្រឡងកំណាព្យហ្វីហួលីង (Feihualing)។

 

 

ចំណែករ៉ូបូតដ៏ឆ្លាតវៃ១ទៀតឈ្មោះស៊ាវជី (Xiao Qi) ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ដោយសារវាមានសមត្ថភាពប្រើប្រាស់ភាសាសន្ទនាតាមបែបធម្មជាតិពិតៗ។ គេឃើញថាក្មេងៗចូលចិត្តលេងអុកបែបចិនជាមួយរ៉ូបូត។

 

 

នេះជាការបង្ហាញថារ៉ូបូតអាចប្រើការបានច្រើនរបៀប។ ពោលគឺនៅក្នុងវិស័យអប់រំ សុខាភិបាល បម្រើការនៅក្នុងផ្ទះ កសិកម្ម។ល។ ដូចនេះឃើញថាមានប្រយោជន៍ច្រើនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025