ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥
សារមន្ទីរដាក់តាំងវត្ថុបុរាណលីងចាថាន (Lingjiatan) នៅខេត្តអានហួយ (Anhui) ប្រទេសចិនភាគខាងកើតទើបតែបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរនៅក្នុងដំណាក់កាលសាកល្បងកាលពីថ្ងៃទី១៦ ខែឧសភា។
នៅទីនេះ ប្រិយមិត្តអាចទស្សនារបស់របរជាច្រើនសម្រាប់ជាការសិក្សាស្វែងយល់នូវប្រវត្តិថ្មីៗនៃការកកើត, រចនាសម្ព័ន្ធ និងការវិវត្តនៃអរិយធម៌ប្រទេសចិន។ នេះបើយោងតាមគណៈកម្មការបេតិកភ័ណ្ឌវប្បធម៌ជាតិដែលថ្លែងកាលពីថ្ងៃសុក្រ។
ការបើកដំណើរការសារមន្ទីរនេះជាចំណុចចាប់ផ្ដើម ឬជាច្រកផ្លូវឆ្ពោះទៅរកគម្រោងដ៏ធំទូលាយជាងនេះដើម្បីសិក្សាស្រាវជ្រាវថយក្រោយទៅរកសម័យបុព្វកាលនៃអរិយធម៌ចិន និងក៏ជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីការពារ និងថែរក្សាស្ថានីយបុរេប្រវត្តិ។ គេប៉ាន់ស្មានថាទីតាំងរក្សាទុកវត្ថុបុរាណនៅលីងចាថាននេះមានអាយុកាលចន្លោះពី៥៣០០ទៅ៥៨០០ឆ្នាំមកហើយ ហើយគ្របដណ្ដប់នៅលើផ្ទៃដី១៦០ហិកតារ។
ចាប់តាំងពីរកឃើញដំបូងកាលពីឆ្នាំ១៩៨៥រហូតមកដល់ពេលនេះ លីងចាថានចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីល្បាញថាជាទីកន្លែងសម្បូរគជ់ខៀវដែលត្រូវគេជីកកកាយឃើញកាលពីពេលកន្លងមក។
របកគំហើញថ្មីៗនៅលីងចាថានត្រូវគេចាត់ទុកថាជាកេតនភណ្ឌដ៏មានតម្លៃវិសេសវិសាលណាស់សម្រាប់ទុកជាទុននៃការសិក្សាស្រាវជ្រាវអំពីកំណកំណើតដំបូង, រចនាសម្ព័ន្ធ និងការវិវត្តនៃអរិយធម៌ប្រទេសចិន។ កន្លែងដាក់តាំងវត្ថុបុរាណនៅសារមន្ទីរនេះលាតសន្ធឹងប្រហែល០,៤ហិកតារ។
ក្នុងនោះមានកន្លែងតាំងពិព័រណ៍អចិន្ត្រៃយ៍ និងកន្លែងតាំងជាបណ្ដោះអាសន្ន។ វត្ថុបុរាណប្រហែល១១០០ដុំត្រូវគេដាក់តាំងនៅទីនេះរួមទាំងរបស់របស់ប្រើប្រាស់ធ្វើពីដីដុត, គជ់ខៀវ, របស់របរធ្វើពីថ្ម និងធ្វើពីឆ្អឹងសត្វផងដែរ។ គណៈកម្មការបេតិកភ័ណ្ឌវប្បធម៌ជាតិវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវនៅស្ថានីយបុរេប្រវត្តិលីងចាថាន។
ចាប់តាំងពីឆ្នាំ២០២០មក តាមរយៈការជីកកកាយជាបន្តបន្ទាប់ គេអាចសិក្សាកាន់តែស៊ីជម្រៅអំពីទីតាំងបញ្ចុះសពអ្នកបូជាយញ្ញ និងកន្លែងរស់នៅរបស់បុព្វបុរសជំនាន់ដើម។ លោកសាងស៊ាវឡី (Zhang Xiaolei) ជានាយករងវិទ្យាស្ថានវត្ថុបុរាណ និងកំណាយខេត្តអានហួយ។
លោកថ្លែងថាការរកឃើញទីកន្លែងសក្ការៈលាវជី (Liaoji) ជួយឲ្យយើងយល់បានថាមនុស្សសម័យដើមនិយមធ្វើសក្ការៈបូជា និងធ្វើតង្វាយចំពោះព្រះអាទិទេព។ របកគំហើញនេះជួយពន្យល់អំពីរចនាសម្ព័ន្ធសង្គមកាលពីជំនាន់ដើម។ នេះជាសង្គមដ៏មានរបៀបរៀបរយកម្រិតខ្ពស់នៅសម័យបុរាណ៕
ប្រែសម្រួល៖ អន សំអាង