ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា នឹងពង្រីកជើងហោះហើរបន្ថែម បន្ទាប់ពី ទទួលបានយន្តហោះប្រភេទថ្មី ATR72-600 ចំនួន ១គ្រឿងនៅថ្ងៃនេះ។
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានស្វាគមន៍ការមកដល់ យន្តហោះប្រភេទថ្មី ATR72-600 ចំនួន ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។
កាលពីខែមេសា កន្លងទៅ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ធ្លាប់បានគូសរំលេចថា អាកាសចរណ៍ជាតិកម្ពុជា នឹងពង្រីកជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិបន្ថែមទៀត ដោយចាប់ផ្តើមប្រើប្រាស់អាកាសយានប្រភេទថ្មី ATR72-600 ចំនួន ៣គ្រឿង ដោយយន្តហោះគ្រឿងទី ១ ទទួលបាន នៅថ្ងៃនេះ ខណៈយន្តហោះទី ២ និងទី ៣ រំពឹងទទួលបាននៅចុងឆ្នាំ ២០២៥នេះ។
បើតាម អាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ថា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ គឺមានជើងហោះហើរចេញ-ចូល មានចំនួនជាង ២ម៉ឺនជើង មានការកើនឡើងជាង ១៧ % បើធៀបទៅនឹងរយៈពេល ៤ខែ ឆ្នាំ២០២៤។
បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ជាប្រចាំ ក្នុងនោះ ការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន ១៣១ជើង/ថ្ងៃ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន ៥២ជើង/ថ្ងៃ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន ៦ជើង/ថ្ងៃ។
សូមរម្លឹកថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានដាក់ផែនការជំរុញការសម្រេចឱ្យបាននូវ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥លាននាក់ និង ទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥នេះ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ