ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

ចិន និងវៀតណាម ដាក់ឱ្យដំណើរការផ្លូវរថភ្លើងដឹកអ្នកដំណើរឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍

២៩ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ប្រទេសចិន និងវៀតណាម បានបើកដំណើរការឡើងវិញនូវ ផ្លូវរថភ្លើងដឹកអ្នកដំណើរ ដែលត្រូវបានផ្អាកក្នុងឆ្នាំ ២០២០ ដែលនេះជាវិធានការមួយ ជំរុញការកើនឡើងនៃវិស័យទេសចរណ៍រវាងប្រទេសទាំង ២។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ក្រុមអ្នកវិភាគ បានអះអាងថា ប្រទេសចិន និងវៀតណាម បានបើកដំណើរការឡើងវិញនូវ ផ្លូវរថភ្លើងដឹកអ្នកដំណើរ គឺដើម្បីជំរុញការកើនឡើងនៃ វិស័យទេសចរណ៍រវាងប្រទេសជិតខាង និងទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិកាន់តែច្រើន មកទស្សនា ដោយគ្មានទិដ្ឋាការ។

 


មហាអំណាចចិន បានអនុញ្ញាត ការមកដល់ដោយគ្មានទិដ្ឋាការ ទៅកាន់ប្រទេសជាច្រើន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍ ដែលជាផ្នែកមួយនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩។ឥឡូវនេះ ពលរដ្ឋវៀតណាម អាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការ តាមច្រកដែលបានជ្រើសរើស  ប្រសិនបើពួកគេជាផ្នែកមួយនៃក្រុមទេសចរណ៍ ដែលរៀបចំដោយទីភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសចិន។

 


រថភ្លើង បានចាប់ផ្តើមដំណើរការកាលពីថ្ងៃអាទិត្យ សម្រាប់ការធ្វើដំណើររយៈពេលជាង ១១ម៉ោងរវាងទីក្រុង ណាននីង ប្រទេសចិន និងរដ្ឋធានីហាណូយរបស់វៀតណាម។យោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម បានឱ្យដឹងថា ភ្ញៀវទេសចរចិនជាង ៣លាន ៧សែននាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីឆ្នាំមុន កើនឡើង ១១៤% ធៀបនឹងឆ្នាំ ២០២៣។

 


សូមរម្លឹកថា សេវាកម្មផ្លូវរថភ្លើងនេះ បានបើកដំណើរការក្នុងឆ្នាំ ២០០៩ ត្រូវបានផ្អាកនៅខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលព្រំដែនបានបិទទូទាំងអាស៊ី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025