ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥

ថៃ សម្រេចកំណើននៃការនាំចេញជាង ១០% ក្នុងខែមេសា 

២៨ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

កំណើនការនាំចេញរបស់ប្រទេសថៃ សម្រេចបានប្រមាណ ១០% ក្នុងខែមេសា និងបានយកឈ្នះការព្យាករណ៍ ខណៈដែលក្រសួងពាណិជ្ជកម្មថៃ បានព្រមានពីបញ្ហាប្រឈមពី ពន្ធគយរបស់សហរដ្ឋអាមេរិក នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។ក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា កំណើនការនាំចេញរបស់ប្រទេសថៃ សម្រេចបានប្រមាណ ១០% ប៉ុន្តែមានភាពយឺតយ៉ាវជាងខែមីនា ដែលមានរហូតដល់ទៅ ១៧%។

 


ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ គួរតែបន្តកើនឡើងនៅក្នុងត្រីមាសទី ២នេះ។ជាក់ស្តែង នៅក្នុងខែមេសា ការនាំចេញរបស់ថៃ ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុត បានកើនឡើង ២៣% ធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញទៅកាន់ប្រទេសចិន បានកើនឡើង ៣%។

 


ដោយឡែក ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់ បានកើនឡើង ៧៥% នៅក្នុងខែមេសា ខណៈដែលការនាំចេញទំនិញកសិកម្មបានធ្លាក់ចុះ ១៩% ជាមួយនឹងបរិមាណនាំចេញអង្ករ ធ្លាក់ចុះ ៣៧%។ក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការនាំចេញរបស់ប្រទេសថៃ នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ នឹងប្រឈមមុខនឹងហានិភ័យនៃពន្ធ ៣៦% របស់សហរដ្ឋអាមេរិក ប្រសិនបើមិនអាចចរចាជាមួយ អាមេរិក បានសម្រេចនោះទេ។

 


យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក មានភាពវិជ្ជមាន។សូមជម្រាបថា ក្នុងខែមករាដល់ខែមេសា ការនាំចេញរបស់ថៃ បានកើនឡើង ១៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អះអាងថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ការនាំចេញរបស់ថៃ គួរតែកើនឡើងលើសពី ៤% នៅឆ្នាំនេះ ដោយវាលើសពីគោលដៅរបស់ក្រសួង៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025