ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ បានពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ដូចជា ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិជាដើម។
ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង។ជាមួយគ្នានេះ ឯកឧត្តម ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន បានបង្ហាញការពេញចិត្ត ចំពោះទំនាក់ទំនងដ៍ល្អប្រសើរនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង និងពង្រីក ទំនាក់ទំនងផ្នែកពាណិជ្ជកម្មបន្ថែមទៀត។
ស្របជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះសម្ដេចនិងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន កាលពីដើមឆ្នាំ២០២៥ នេះ។សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានបង្ហាញការពេញចិត្តចំពោះភាពរីកចម្រើន នៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ ចំពោះការបន្តស្វែងរកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរផងដែរ៕
អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី