ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥

បង្ហាញជយលាភីពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងកានឆ្នាំ២០២៥

២៦ ឧសភា ២០២៥ | កម្សាន្ដ

 

មហោស្រពភាពយន្តអន្តរជាតិទីក្រុងកានឆ្នាំទី៧៨ បានបិទបញ្ចប់កាលពីចុងសប្ដាហ៍ជាមួយការប្រកាសជយលាភីពានរង្វាន់ ដែលក្នុងនោះពានរង្វាន់ធំបានទៅលើភាពយន្តពីប្រទេសអ៊ីរ៉ង់។ភាពយន្តបែបសងសឹកដោយអ្នកដឹកនាំរឿងជនជាតិអ៊ីរ៉ង់ Jafar Panahi មានចំណងជើងថា "It was Just An Accident" បានឈ្នះពានរង្វាន់ធំ Palme d'Or ក្នុងពិធីបិទមហោស្រពភាពយន្តទីក្រុងកានឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែឧសភា។

 

 


ចំណែកពានរង្វាន់ Grand Prix ដែលជារង្វាន់ធំបំផុតលំដាប់ទីពីរបន្ទាប់ពីពាន Palme d'Or ត្រូវបានប្រគល់ភាពយន្តពីប្រទេសន័រវែសរឿង "Sentimental Value" ពីអ្នកដឹកនាំល្បីឈ្មោះ Joachim Trier។រីឯពានរង្វាន់គណៈវិនិច្ឆ័យ Jury Prize ត្រូវបានប្រគល់ដល់ភាពយន្តចំនួន ២ រឿង គឺភាពយន្តបែបគ្រួសារ "Sound of Falling" ពីអ្នកដឹកនាំរឿងជនជាតិអាល្លឺម៉ង់ Mascha Schilinski និងភាពយន្ត "Sirat" របស់អ្នកដឹកនាំរឿងសញ្ជាតិបារាំង-អេស្ប៉ាញ Oliver Laxe ។

 

 


ភាពយន្ត "The Secret Agent" របស់ប្រទេសប្រេស៊ីលបានឈ្នះពានរង្វាន់ចំនួនពីរ មួយគឺសម្រាប់តួឯកប្រុសឆ្នើមសម្រាប់តារាសម្ដែង Wagner Moura និងមួយទៀតគឺពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមសម្រាប់លោក Kleber Mendonca Filho ។តារាស្រីបារាំងជំនាន់ថ្មី Nadia Melliti បានទទួលពានរង្វាន់តួឯកស្រីឆ្នើមសម្រាប់ការសម្ដែងភាពយន្ត "The Little Sister" ដែលនិយាយពីជីវិតកូនស្រីរបស់ជនអន្តោប្រវេសន៍អាល់ហ្សេរីនៅទីក្រុងប៉ារីស។

 


ចំណែក ផលិតករបងប្អូនត្រកូល Dardenne ពីប្រទេសបែលហ្ស៊ិក ដែលធ្លាប់បានឈ្នះរង្វាន់ធំ Palme d'Or ចំនួនពីរដងរួចមកហើយនោះ នៅឆ្នាំនេះក៏បានត្រលប់ទៅផ្ទះជាមួយពានរង្វាន់មួយទៀត គឺពានរង្វាន់អត្ថបទភាពយន្តឆ្នើមសម្រាប់រឿង "Young Mothers"។ភាពយន្តពីអាស៊ីតែមួយគត់ដែលបានឈ្នះពានមហោស្រពកានក្នុងឆ្នាំនេះគឺភាពយន្ត “Resurrection” ពីអ្នកដឹកនាំជនជាតិចិន Bi Gan ដែលបានឈ្នះពានរង្វាន់ពិសេស Special Prize ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025