ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួម(UAE) បានព្រមព្រៀងគ្នានៅថ្ងៃចន្ទ(២១មេសា) បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងជំរុញឱ្យមានការអភិវឌ្ឍន៍រួមកាន់តែប្រសើរ។
ការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងលោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន និងលោក Sheikh Mansour bin Zayed Al Nahyan អនុប្រធានាធិបតីប្រទេសអេមីរ៉ាតអារ៉ាប់រួម អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការវិនិយោគចិន-អារ៉ាប់រួមកម្រិតខ្ពស់ ដែលមានថ្នាក់ដឹកនាំទាំង២ជាសហប្រធាននៃកិច្ចប្រជុំធ្វើឡើងតាមវីដេអូលីង។
ភាគីចិន លោកDing បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ, ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងរវាងប្រទេសចិននិងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានរីកចំរើន ដែលនេះបង្កើតបានជាគំរូមួយនៃទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀតនៅក្នុងសម័យកាលថ្មី។
ការបង្កើតឡើងនៃគណៈកម្មាធិការសហប្រតិបត្តិការវិនិយោគចិន-អារ៉ាប់រួមកម្រិតខ្ពស់ បានជួយដល់ការលើកកម្ពស់សមិទ្ធិផលបន្ថែម ទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបំពេញបានបំណងប្រាថ្នារួម និងតម្រូវការជាក់ស្តែងរបស់ភាគីទាំងពីរ។
សម្រាប់ភាគីប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក Mansour បានលើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងអភិវឌ្ឍយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ហើយពោរពេញដោយទំនុកចិត្តលើសេដ្ឋកិច្ចចិន។
លោកបន្តថា អេមីរ៉ាតអារ៉ាប់រួម មានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគជាមួយប្រទេសចិន និងជំរុញឱ្យមានការបំពេញបន្ថែមជាបន្តទៀតនៃភាពខ្លាំងរបស់ប្រទេសទាំងពីរ និងវិបុលភាពរួម។
ប្រែសម្រួល៖ណាវ័ន្ត