ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
តារាចម្រៀងជើងចាស់ល្បីឈ្មោះលោកស្រី ហ៊ឹម ស៊ីវន បាននិយាយថា បើទោះជាលោកស្រីនៅតែមានទីផ្សារសិល្បៈចម្រៀងក្ដី ក៏ប៉ុន្តែលោកស្រីមិនដែលពឹងផ្អែកលើចំណូលពីសិល្បៈមួយមុខបានទេ ត្រូវតែមានមុខជំនួញផ្សេងៗទៀត។
មានឈ្មោះល្បីល្បាញនៅក្នុងវិស័យចម្រៀង និងអាចរកប្រាក់ចំណូលបានច្រើនក៏ពិតមែន តែអ្នកស្រី ហ៊ឹម ស៊ីវន នៅតែមានការព្រួយបារម្ភ និងបានបណ្តាក់ទុននៅក្នុងការដាំដំណាំទុរេនបន្ថែមទៀត។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នៅសប្តាហ៍ក្រោយនេះ អ្នកស្រីសុខចិត្តផ្អាកមិនទទួលការងារសម្តែងនានា ដើម្បីទុកពេលវេលាទៅចាំ និងមើលថែចំការវិញ ។
បាំងតែមួយសប្តាហ៍ទៀតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយតាចម្រៀងជាច្រើនមមាញឹកនៅក្នុងការថតបទចម្រៀងក៏ដូចជាចូលរួមកម្មវិធីនានា ដោយឡែកតាចម្រៀងជើងចាស់អ្នកស្រី ហ៊ឹម ស៊ីវន បែរជាបដិសេធនិងបោះបង់ឱកាសទាំងនោះទៅវិញដើម្បីធ្វើការងារនេះ ។
ដូចមហាជនបានដឹងស្រាប់ហើយថាកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន មិនត្រឹមតែល្បីឈ្មោះក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ អ្នកស្រីនៅតែអាចរកប្រាក់ចំណូលបានច្រើនពីវិស័យចម្រៀង បើទោះបីជាអ្នកស្រីមានវ័យកាន់តែច្រើនក្តីទីផ្សារការងាររបស់អ្នកស្រីនៅតែតែមាន ។
ជួបជាមួយអ្នកស្រី ហ៊ឹម ស៊ីវន កាលពីពេលថ្មីៗនេះអ្នកស្រីបានបញ្ជាក់ប្រាប់ថា ជីវិតមិនអាចពឹងពាក់ទាំងស្រុងលើសិល្បៈឡើយ ត្រូវតែមានមុខរបរផ្ទាល់ខ្លួនបន្ថែម ។ ក្រៅពីការងារសិល្បៈនិងមើលថែចំការទុរេននៅខេត្តកែប អ្នកស្រី ហ៊ឹម ស៊ីវន ក៏មមាញឹកនៅក្នុងការមើលថែចៅភ្លោះប្រុសនិងស្រីវ័យ៣ឆ្នាំរបស់អ្នកស្រីផងដែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច