ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
ដើម្បីបំពេញក្តីស្រមៃធំរបស់ខ្លួនក្រោយខកខានបង្ហាញវត្តមានលើឆាកអន្តរជាតិម្ដងហើយពេលនេះ ប៊ី សុធារី មិនខ្លាចព្យុះភ្លៀង និងបានដាក់ពាក្យចូលរួមប្រកួត Miss Cosmo Cambodia 2025 មុននឹងបញ្ចប់អាជីពបវរកញ្ញា និងតំណាង កម្ពុជាលើឆាកអន្តរជាតិម្ដងទៀត ។
ក្រោយពីខកខានតំណាង កម្ពុជា លើឆាកអន្តរជាតិក្រោយឈ្នះមកុដ Miss Grand Cambodia 2024 ដែលបង្កឱ្យមានភាពចម្រូងចម្រាស ពេលនេះកញ្ញា ប៊ី សុធារី ផ្ដើមចូលប្រកួត Miss Cosmo Cambodia 2025 ដោយរំពឹងក្រសោបមកុដម្ដងទៀតដើម្បីតំណាង កម្ពុជា លើឆាកអន្តរជាតិ។
តាមពិត ប៊ី សុធារី ត្រូវបញ្ចប់អាជីពបវរកញ្ញាតាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារខកខានមិនបានចូលរួមប្រកួតនៅលើឆាកអន្តរជាតិព្រោះតែបញ្ហាមួយចំនួន នាងដាច់ចិត្តដាក់ពាក្យចូលរួមប្រកួត Miss Cosmo Cambodia 2025 ដណ្តើមមកុដជាថ្មី ដើម្បីទៅឆាកអន្តរជាតិ បើទោះបីជាពេលនេះជីវិតនាងកំពុងជួបព្យុះភ្លៀងយ៉ាងណា នាងខំប្រឹងតស៊ូឱ្យដល់គោលដៅ ។
កញ្ញា បានដាក់ពាក្យចូលរួមប្រកួត Miss Cosmo Cambodia 2025 ទាំងមានរឿងចម្រុងចម្រាស់ខ្លះៗជាមួយអតីតរៀបចំកម្មវិធី Miss Grand Cambodia ប៉ុន្តែរឿងនេះបានដោះស្រាយនិងបញ្ចប់រួចរាល់ហើយ ដូច្នេះ ប៊ី សុធារី កក់ក្តៅចិត្តក្នុងការដណ្តើមមកុដជាថ្មីម្តងទៀត ដែលជាឆាកចុងក្រោយក្នុងវិស័យបវរកញ្ញាសម្រាប់នាង ។
ការប្រកួត Miss Cosmo Cambodia 2025 ក្នុងឆ្នាំនេះ មានសុទ្ធតែបេក្ខភាពខ្លាំងៗចូលរួមប្រកួត កញ្ញា ប៊ី សុធារី ថា ឆាកនេះពិតជាសក្តិសមជាមួយរូបនាងខ្លាំង បើទោះបីជានាងមិនបានដឹងថា មកុដត្រូវធ្លាក់ទៅលើបេក្ខភាពរូបណាក្តី ។ មិនថាលទ្ធផលនៃការប្រកួតប្រជែងលើឆាក Miss Cosmo Cambodia 2025 បែបណាទេ កញ្ញា ប៊ី សុធារី រីករាយនឹងទទួលយក ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត