ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ការិយាល័យប្រធានាធិបតីហ្វីលីពីនបាននិយាយថា ប៉ូលិសហ្វីលីពីនសហការជាមួយប៉ូលិសអ៊ីនធឺប៉ូលនៅថ្ងៃអង្គារនេះបានចុះអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំពោះលោក ឌូធឺតេ នៅពេលលោកបានត្រឡប់មកពីទីក្រុងហុងកុងទៅដល់អាកាសយានដ្ឋានក្រុងម៉ានីល ហើយពេលនេះលោកកំពុងស្ថិតក្នុងមន្ទីរឃុំខ្លួន។
សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូធឺតេ គឺជាគោលនយោបាយដ៏តឹងរ៉ឹងមួយក្រោយពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៦ ក្រោយពីមានយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មដោយប្តេជ្ញាតាមសម្លាប់មេឈ្មួញគ្រឿងញៀន ធ្វើឱ្យតុលាការ ICC បានចេញដីកាចាប់ខ្លួនលោកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅពេលនោះ។
ក្រុមសិទ្ធិមនុស្សហ្វីលីពីនបានអះអាងថា ប៉ូលិសហ្វីលីពីន និងក្រុមអ្នកស៊ើបការណ៍ក្រោមការដឹកនាំរបស់លោក ឌូធឺតេ បានសម្លាប់ជនសង្ស័យគ្រឿងញៀនគ្មានអាវុធក្នុងដៃក្នុងទ្រង់ទ្រាយធំតាមការបង្គាប់បញ្ជារបស់លោក។ តុលាការ ICC បាននិយាយថា តុលាការនេះនឹងបន្តការស៊ើបអង្កេតលើករណីសង្ស័យឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះលោក ឌូធឺតេ ហើយបើទោះជាលោក ឌូធឺតេ បានដកប្រទេសហ្វីលីពីនចេញពីសមាជិកតុលាការ ICC ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ហ្វឺឌីណាន់ ម៉ាកូស បានបង្ហាញថា លោកអាចនឹងប្រគល់ខ្លួនលោក ឌូធឺតេ ទៅឱ្យតុលាការអន្តរជាតិមួយនេះដើម្បីកាត់ទោសតាមផ្លូវច្បាប់។
សូមរំលឹកថា លោក ឌូធឺតេ ដែលជាប្រធានាធិបតីទី១៦ របស់ហ្វីលីពីននោះគឺជាមេដឹកនាំហ្វីលីពីនដំបូងគេដែលត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយនៅមុនការចាប់ខ្លួននេះ លោក ឌូធឺតេ បាននិយាយក្នុងទីក្រុងហុងកុងថា លោកបានត្រៀមខ្លួនសម្រាប់ការចាប់ខ្លួននេះហើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន