ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ក្រុមឃ្លាំមើលសិទ្ធិមនុស្សនេះបាននិយាយថា ក្រុមទាហានប៉ារ៉ាដែលចងសម្ពន្ធមិត្តជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរីបានធ្វើការសម្លាប់សងសឹកទៅលើក្រុមស្មោះត្រង់នឹងលោក បាសារ អាល់អាសាដ ដែលត្រួវបានផ្ដួលរំលំកាលពីចុងខែធ្នូ ក្រោយពីក្រុមស្មោះត្រង់ទាំងនេះបានវាយប្រហារជាបន្តបន្ទាប់ទៅលើកងកម្លាំងសន្តិសុខជាតិកាលពីសប្ដាហ៍មុន។
មកដល់ពេលនេះការវាយប្រហារសងសឹកគ្នានេះបានសម្លាប់មនុស្សចំនួន១០១៨នាក់រួមទាំងជនស៊ីវិលចំនួន៧៤៥នាក់ផងដែរ។ មន្ត្រីរដ្ឋាភិបាលថ្មីរបស់ស៊ីរីបាននិយាយថា ការវាយឆ្មក់របស់ក្រុមអ្នកស្មោះត្រង់នឹងលោក អាសាដ ទាំងនេះគឺជាការគិតទុកជាមុន។ ការប៉ះទង្គិចគ្នាដ៏ហ្សិង្សានេះបានចាប់ផ្ដើមកើនឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ដែលបង្កបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរីដឹកនាំដោយលោក អាម៉េដ សារ៉ា។ ហើយក្រុមអ្នកតាមដានស្ថានការណ៍នៅស៊ីរីបានព្រមានថា អវត្តមាននៃការទទួលខុសត្រូវផ្លូវច្បាប់អាចជំរុញឱ្យមានអំពើហិង្សាបន្ថែមទៀត និងធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ីរីនៅក្រោយរបបលោក អាសាដ។
មេដឹកនាំអន្តរកាលរបស់ស៊ីរីលោក សារ៉ា បានប្តេជ្ញាចិត្តកាលពីថ្ងៃអាទិត្យថានឹងតាមប្រមាញ់ជនល្មើសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានេះឱ្យខាងតែបាន ហើយលោកក៏នឹងឱ្យទទួលខុសត្រូវចំពោះជនណាដែលដើរហួសអំណាចរបស់ពួកគេផងដែរ។ លោក សារ៉ា ក៏បានចោទប្រកាន់ក្រុមអ្នកស្មោះត្រង់លោក អាសាដ និងមហាអំណាចបរទេសមួយចំនួនថាកំពុងព្យាយាមបង្កភាពចលាចលនៅក្នុងប្រទេសស៊ីរី៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន