ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ប្រទេសចិនបានបើកសម័យប្រជុំសភារបស់ប្រជាជនចិនប្រចាំឆ្នាំ២០២៥កាលពីសប្ដាហ៍មុនដោយមានការចូលរួមពីមន្ត្រីរាប់ពាន់នាក់។ នៅថ្ងៃចន្ទនេះ សន្និសីទប្រឹក្សាអំពីនយោបាយប្រជាជនចិន (CPPCC) ដែលជាផ្នែកដ៏សំខាន់មួយនៃកិច្ចប្រជុំសភារបស់ប្រជាជនចិនត្រូវបានបិទបញ្ចប់ដោយមានការចូលរួមពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមន្ត្រីជាច្រើនទៀតនៅមហាសាលប្រជាជនផងដែរ។
លោក វ៉ាង ហ៊ូនីង ប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិនបាននិយាយថា កិច្ចប្រជុំនេះបានបិទបញ្ចប់ដោយទទួលលទ្ធផលប្រកបដោយផ្លែផ្កា។ លោកក៏បានអំពាវនាវឱ្យមនុស្សគ្រប់រូបបន្តការរួបរួមគ្នា និងលទ្ធិប្រជាធិបតេយ្យដូចដែលលោកបានដាក់ចេញនៅក្នុងសេចក្ដីណែនាំសម្រាប់គណៈប្រតិភូនៅក្នុងសុន្ទរកថារបស់លោក។
លោក វ៉ាង បាននិយាយថា ពួកគេត្រូវផ្តោតលើកំណែទម្រង់ស៊ីជម្រៅ ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការការពារនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការធានាស្ថិរភាពសង្គមក្នុងការអនុវត្តការស្ទង់មតិ និងការផ្តល់យោបល់ និងសំណើផ្សេងៗ។
លោក វ៉ាង បានបន្ថែមទៀតថា ពួកគេត្រូវផ្ដោតលើ«រូបភាពធំ» និងជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការពិគ្រោះយោបល់ និងការផ្តល់យោបល់ប្រកបដោយគុណភាពខ្ពស់ដើម្បីពង្រឹងការឯកភាពជាតិ និងសាមគ្គីភាព។ សូមបញ្ជាក់ថា សម័យប្រជុំសភារបស់ប្រជាជនចិនប្រចាំឆ្នាំ២០២៥នឹងបិទបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៍នេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន