ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

ប្រធានសមាគមកសិករដំឡូងមីខ្មែរ៖ នៅឆ្នាំ២០២៥ តម្លៃដំឡូងមីខ្មែរមានការធ្លាក់ចុះ ៩០%   បើធៀបទៅនឹង ៥ឆ្នាំមុន 

១៥ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានលើកឡើងថា តម្លៃដំឡូងមីនៅទូទាំងប្រទេសកម្ពុជា មានការធ្លាក់ចុះ នៅអំឡុងពេលប្រមូលផលឆ្នាំ ២០២៥នេះ ដែលធ្វើឱ្យប្រជាកសិករជួបបញ្ហាប្រឈមយ៉ាងខ្លាំង ខណៈមន្ត្រីជំនាញ និងក្រុមហ៊ុនទទួលទិញថា មិនទាន់មានទីផ្សារច្បាស់លាស់។ ដំឡូងមី គឺជាដំណាំដែលមានសារៈសំខាន់ទី៣ នៅក្នុងវិស័យកសិកម្ម បន្ទាប់ពីដំណាំស្រូវ និងពោត។ ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី បានផ្តល់ការងារ  និងការគាំទ្រដល់ការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ ខណៈតម្លៃដំឡូងមីស្រស់ និងក្រៀមនៅរដូវកាលប្រមូលផលឆ្នាំនេះ មានការធ្លាក់ចុះដែលធ្វើឲ្យប្រជាកសិករខ្មែរ នៅខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភយ៉ាងខ្លាំង។

 


ជុំវិញរឿងនេះ ប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល ឈិញ មានបទពិសោធន៍ដាំដំឡូមី អស់រយះពេលជាយូរឆ្នាំមកហើយ នៅខេត្តត្បូងឃ្មុំ បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ដឹងថា ការប្រមូលផលនៅឆ្នាំ ២០២៥នេះ ដំឡូងមីខ្មែរមានការធ្លាក់ចុះតម្លៃជាខ្លាំង ដោយកសិករលក់បានក្នុងតម្លៃជាមធ្យម ត្រឹមតែ ១៧០-២២០ រៀលក្នុង១គីឡូក្រាម សម្រាប់ដំឡូងមីស្រស់ រីឯតម្លៃដំឡូងមីស្ងួត នៅតាមតំបន់ខ្លះធ្លាក់ចុះនៅសល់ ៤៧០-៤៩០ រៀលក្នុង១គីឡូក្រាម បើធៀបទៅនឹងខែមករា ឆ្នាំ ២០២៥ ទទួលបានតម្លៃ ៥៣០-៦៨០ រៀលក្នុង១គីឡូក្រាម។ 

 


ប្រធានសមាគម បានបន្តថា កត្តាទាំងអស់នេះ ដោយសារតែសេដ្ឋកិច្ចសកល បូករួមទាំងប្រទេសជិតខាងមិនមានការបញ្ជាទិញ ទៀតសោត កម្ពុជា ពឹងអាស្រ័យលើការនាំចេញទៅប្រទេសវៀតណាម និងថៃ។ ក្នុងនោះផងដែរ តម្លៃដំឡូងមី ក៏មានការប្រែប្រួលទៅតាមតំបន់ ខណៈរោងចក្រក្នុងស្រុកមួយចំនួន ទទួលទិញប្រមាណតែ ៥% ប៉ុណ្ណោះ ហើយតម្រូវការម្សៅមីនៅកម្ពុជា មានចំនួនតិចតួចនៅឡើយ តើកម្ពុជា និងប្រទេសជិតខាងយកអ្វីមកជំនួសម្សៅមី? ខណៈដំឡូងមី អាចត្រូវបានបំប្លែងទៅជាផលិតផលជាច្រើនប្រភេទ រួមមាន ម្សៅ នំប៉័ង នំ ដំឡូងចំណិត ភេសជ្ជៈ និងទំនិញឧស្សាហកម្ម ដូចជា ក្រដាស ជាដើម។ 

 


ប្រធានសមាគម បានបន្ថែមថា ប្រសិនបើតម្លៃដំឡូងមីមិនមានការកើនឡើងទេនោះ កសិករនៅតំបន់មួយចំនួន អាចនឹងបោះបង់ការដាំដំឡូងមី ហើយងាកទៅដាំដំណាំផ្សេង ឬកសិករអាចនឹងទៅចំណាក់ស្រុក ជាដើម។  តទៅនេះ សូមស្តាប់ការលើកឡើងពីបញ្ហាប្រឈមមួយចំនួន របស់កសិករខ្មែរដាំដំឡូងមី ទទួលបានតម្លៃធ្លាក់ចុះ ពី ប្រធានសមាគមកសិករដំឡូងមីខ្មែរ។ 

 


លោក អិល ឈិញ ប្រធានសមាគម បានគូសបញ្ជាក់ថា តម្លៃដំឡូងមីទាបបំផុតមាននៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលតម្លៃចន្លោះពី ១៩០ ទៅ ២២០រៀល ក្នុងមួយគីឡូក្រាម ដូចនៅ ត្បូងឃ្មុំផងដែរ។ ចំពោះ នៅខេត្តប៉ៃលិនតម្លៃលើសពី ២៥០រៀល ចំណែក ខេត្តមណ្ឌលគិរី និង ខេត្តកំពង់ចាម មានតម្លៃខ្ពស់ជាង ៣០០រៀល។

 


លោក អិល ឈិញ បានបន្ថែមថា ប្រហែល ២០ ទៅ ៣០% នៃផលិតកម្មដំឡូងមី ត្រូវបានប្រើប្រាស់ក្នុងស្រុក ហើយនៅសល់ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសថៃ និងវៀតណាម។ ក្នុងនោះ មានរោងចក្រកែច្នៃដំឡូងមីប្រមាណ ១២ នៅទូទាំងប្រទេស ប៉ុន្តែនាពេលបច្ចុប្បន្នមានប្រហែលពី ៤ ទៅ ៥ រោងចក្រប៉ុណ្ណោះកំពុងដំណើរការ។

 


ជាមួយគ្នានះ លោកឧកញា៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានសង្កត់ធ្ងន់ ក្នុងជំនួបពិភាក្សាការងារ និងវឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា ដោយផ្តោតលើសក្តានុពលដ៏ធំធេងរបស់អនុវិស័យ ដោយកត់សម្គាល់ថា បច្ចុប្បន្នដំឡូងមីស្រស់ ៩៥% ត្រូវបាននាំចេញដោយ ៥% ត្រូវបានកែច្នៃក្នុងស្រុក ដែលរួមចំណែកប្រមាណ ៧២៨ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះ កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទីបួន នៅអាស៊ី និងជាប្រទេសនាំចេញដំឡូងមីធំជាងគេទី១០ របស់ពិភពលោក ជាមួយនឹង ផ្ទៃដីដាំដុះពី ៦ម៉ឺន ទៅ ៨ម៉ឺន ហិកតា។ 

 


ក្នុងជំនួបពិភាក្សាការងារ និងវឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា កាលពីពេលកន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់សហព័ន្ធដំឡូងមីកម្ពុជា ឱ្យមានភាពបត់បែន និងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរក្សាស្ថិរភាពទីផ្សារ ទប់ស្កាត់ការធ្លាក់ថ្លៃ និងផ្តល់អាទិភាពដល់ពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីស្ងួត សម្រាប់ការនាំចេញ ខណៈសហព័ន្ធដំឡូងមីកម្ពុជា គួរតែផ្តល់អាទិភាពលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងកែច្នៃដំឡូងមីស្ងួត សម្រាប់ការនាំចេញ ជាជាងប្រកួតប្រជែងជាមួយកសិករក្នុងការដាំដុះ។


ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ដើម្បីប្រែក្លាយកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ដោយគោលនយោបាយជាតិនេះ មានគោលដៅសំខាន់ចំនួន៣ គឺទី១- ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២- ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមី ឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងគោលដៅ ទី៣- ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

 

សូមជម្រាបថា ដំឡូងមី គឺជាកសិផលសំខាន់មួយ ក្នុងចំណោមដំណាំ ស្រូវ គ្រាប់ស្វាយចន្ទី ពោត មៀនប៉ៃលិន និងម្រេច ដែលបានចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២៤ កម្ពុជា បាននាំចេញចំណិតដំឡូងមីក្រៀម ចំនួន ៨សែន៤ពាន់តោន ដំឡូមីស្រស់ ១លាន៥សែនតោន ម្សៅដំឡូងមី ៣ម៉ឺនតោន និងកាកសំណល់ដំឡូងមី ២ម៉ឺនតោន៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025