ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

ក្រសួងវប្បធម៌ និងក្រសួងអប់រំ អំពាវនាវដល់យុវជន សូមប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ

១៤ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

 

 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា ថ្ងៃទី១៤កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយម ហៅថា ទិវានៃក្តីស្រឡាញ់ បាន និងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រឡាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើងតាមរយៈសកម្មភាពនានា ដោយឈរលើមនោសញ្ចេតនា ស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តីប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។

 


ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ លើកឡើងថា នាពេលកន្លងមក ទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏យើងនៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូច ដែលត្រូវបានសង្គមវាយតម្លៃថា មិនគួរកើតមាន ដោយសកម្មភាពទាំងនោះ ផ្តល់ផលអវិជ្ជមាន ដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់អត្តសញ្ញាណជាតិផង។

 


ក្រសួងវប្បធម៌ និងវិចិត្រិសល្បៈ យល់ថា ការសិក្សាស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាព និងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយ ដែលបង្កផលប៉ះពាល់រយៈពេលវែងដល់អនាគត នៃបុគ្គល ដែលបានប្រព្រឹត្តខុសគន្លង។

 


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបន្ថែមថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយ ក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែកធានានូវក្តីស្រឡាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរ បរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់ នៅជុំវិញខ្លួនយើង ជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្ស និងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ។

 


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានប្រកាសអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោដៅ ប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូប មានកាត្វកិច្ចថែរក្សាការពារ។


ចំណែកក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីណែនាំ ៧ចំណុច ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។


ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ ដូចតទៅ៖
១-ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំ ដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ
២-ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ
៣-ត្រូវបញ្ជ្រាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ
៤-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»
៥-ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី
៦-ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា
៧-មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តប្រកាស ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕
 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025