ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

អគ្គស្នងការនគរបាលជាតិ លើកទឹកចិត្តនគរបាល ជាស្រ្តី ត្រូវពង្រឹងសមត្ថភាព ដើម្បីងាយស្រួល និងមានឱកាសតែងតាំងមុខតំណែងកាន់តែខ្ពស់

០៦ មីនា ២០២៥ | ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានជំរុញ និងលើកទឹកចិត្តចំពោះនគរបាល ជាស្រ្តី ត្រូវពង្រឹង និងប្រឹងប្រែងបង្កើនចំណេះដឹង និងសមត្ថភាព ដើម្បីទទួលបានឱកាសកាន់តែច្រើន ក្នុងការតែងតាំងមុខតំណែងកាន់តែខ្ពស់។ ក្នុងឱកាសមិទ្ទីញ អបអរសាទរ លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងៗស្រីគ្រប់រូប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជំរុញឱ្យអង្គភាព ក្រោមឱវាទអគ្គស្នងការនគរបាល គិតគូរការដំឡើងស្រ្តី ឱ្យមានតួនាទី ស្របនឹងសមត្ថភាព ដោយកន្លងទៅ នៅរាជធានីភ្នំពេញ ស្រ្តីត្រូវតម្លើងទៅនាយរងប៉ុស្តិ៍ទាំង ១០៥ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ហើយក៏មានការតម្លើងជាងនាយការិយាល័យ ជាស្នងការរង និងរហូតអគ្គស្នងការរង ជាស្រ្តីផងដែរ។

 


 ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជំរុញឱ្យអគ្គស្នងការរងទទួលផែនធនធានមនុស្ស ត្រូវគិតគូរឱ្យល្អិតល្អន់ និងមានចង្អុលវែងឆ្ងាយ ក្នុងការរៀបចំស្រ្តីជានគរបាលឱ្យឡើងមុខតំណែងស្របតាមសមត្ថភាព ដើម្បីឱ្យមានសមភាពយេនឌ័រកាន់សមរម្យ ខណៈស្រ្តីជានគរបាលមានចំនួនតែជាង៥ពាន់នាក់ ក្នុងចំណោមនគរបាលជាង៦ម៉ឺននាក់ដែលភាគរយជាស្រ្តី នៅមានចំនួនតិចតួចនៅឡើយ។

 


លើសពីនេះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ជំរុញស្រ្តីជានគរបាល ត្រូវចូលរួមអប់រំកូននៅផ្ទះ តាំងពីកូននៅតូចឡើងទៅ អំពីច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងការប្រើប្រាស់ទូរស័ព្ទមិនត្រឹមត្រូវបែរជាញៀននឹងហ្គេម ឬឈានទៅប្រព្រឹត្តល្បែងស៊ីសង ហើយការអប់រំលុតដំកូនតាំងពីតូចពីទំនៀមទំលាប់ សីលធម៌ ប្រពៃណី នឹងជួយអោយកូនក្លាយជាពលរដ្ឋល្អ និងកូនល្អសម្រាប់សង្គមជាតិ ជៀសឆ្ងាយពីក្មេងទំនើង ហើយការអប់រំ សូមអាណាព្យាបាលមេត្តាកុំរង់ចាំ និងពឹងពាក់តែលើសាលារៀន និងគ្រូបង្រៀនតែ១មុខ ដោយសាយើងជាណាព្យាបាល ត្រូវចូលរួមឱ្យបានសកម្ម  ។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏លើកទឹកចិត្តឱ្យស្រ្តីមានភាពក្លាហាននៅក្នុងក្រុមគ្រួសារ និងកន្លែងធ្វើការ ត្រូវហ៊ានបញ្ចេញមតិ ដោយមិនត្រូវរង់ចាំតែឯកភាពរាល់កិច្ចការ ដែលបានដាក់ចេញទៅឡើយ ពីព្រោះរាល់មតិយោបល់ នឹងជួយឱ្យមានការរីកចម្រើនដល់ក្រុមគ្រួសារ និងអង្គភាពខ្លួនជាក់ជាមិនខាន៕

 

 

 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025