ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលមានសរុបចំនួន ៥០អង្គភាព។ ក្នុងនោះ រួមមាន៖ អង្គភាពវិទ្យាល័យចំនួន ១០ អង្គភាពសាលាមតេ្តយ្យសិក្សាចំនួន ១០ មន្ទីរពេទ្យបង្អែកកម្រិត១ ចំនួន ១០ មន្ទីរពេទ្យបង្អែកកម្រិត២ ចំនួន ១០ និងមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន ១០ អង្គភាព។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ ២០២៥នេះ។
នៅក្នុងពិធីប្រកាសជ័យលាភីនេះ មានអង្គភាពសេវាសាធារណៈគំរូចំនួន ៥០ នៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល បានជាប់ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤។ អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូ ដែលជាប់ជ័យលាភីរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ ១០ អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា ១០ អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ និង ១០អង្គ ភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣។
សម្រាប់អង្គភាពវិស័យអប់រំ អង្គភាពវិទ្យាល័យ គឺ វិទ្យាល័យ ពេជ្រចិន្តា ខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ១ និងអង្គភាពសម្រាប់សាលាមតេ្តយ្យសិក្សា គឺ សាលាមតេ្តយ្យសិក្សាធនធាន ក្រុងព្រះសីហនុ ទទួលបានជ័យលាភីលេខ១។ ដោយឡែកចំពោះវិស័យសុខាភិបាលវិញ មន្ទីពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ សម្រាប់មន្ទីពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពកម្រិត២ និងមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពកម្រិត៣។
ថ្លែងនៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសាទរដល់អង្គភាពជ័យលាភីទាំងអស់ ព្រមទាំងលើកទឹកចិត្តដល់អង្គភាពផ្តល់សេវាសាធារណៈទាំងអស់ បន្តខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងត្រូវសហការគ្នាឱ្យកាន់តែជិតស្និតរវាងថ្នាក់ដឹកនាំជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន ស្ថានទូត និងស្ថាប័នដៃគូអភិវឌ្ឍន៍ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈទៅដល់ប្រជាជនមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា ពិធីប្រកាសជ័យលាភីនាព្រឹកនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយកនាយិកាវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធានមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង ២.០០០នាក់៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា