ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ចង្កៀងគោមចម្រុះពណ៌ត្រូវបានអុជលម្អទូទាំងប្រទេស ចិន អបអរបុណ្យ Lantern Festival

១៣ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ប្រជាជននៅទូទាំងប្រទេសចិនបានប្រារព្ធពិធីបុណ្យបង្ហោះគោមប្រពៃណីដែលឆ្នាំនេះគឺចំថ្ងៃទី ១២ ខែកុម្ភៈ ដោយមានការអុជចង្កៀងគោមចម្រុះពណ៌ដ៏ស្រស់ស្អាត និងការសម្ដែងរបាំប្រជាប្រិយជាច្រើន។

 


នៅទីក្រុង Zunyi (ជុនអ៊ី) ក្នុងខេត្ត Guizhou (កួយចូវ) ភាគនិរតីនៃប្រទេសចិន ការប្រារព្ធពិធីបុណ្យបង្ហោះគោមដ៏ធំ បានធ្វើឱ្យភ្ញៀវទេសចររំភើបចិត្តជាមួយនឹងការដំឡើងចង្កៀងដែលមានរូបរាងផ្សេងៗជាច្រើន។ ក្នុងចំណោមការបង្ហាញចង្កៀងគោមដ៏រស់រវើកនេះ ក៏មានចង្កៀងនាគដែលមើលទៅដូចមានជីវិត និងចង្កៀងរូបតុក្កតានានា ដែលធ្វើអោយអ្នកទស្សនាជក់ចិត្តជាមួយទស្សនីយភាពដ៏អស្ចារ្យ។ ពិធីបុណ្យនេះក៏មានការបាញ់កាំជ្រួច និងការសម្តែងរបាំឆ្នាំងភ្លើង ដែលទាក់ទាញមនុស្សម្នាយ៉ាងច្រើន។

 


នៅខេត្ត Qinghai (ឈីងហៃ) ភាគពាយ័ព្យវិញ ចង្កៀងធ្វើដោយដៃចំនួន ១២០០ បានបំភ្លឺសួនវប្បធម៌ជនជាតិភាគតិច Tu (ធូ) ដោយមានការតម្រៀបជាជួរនៅផ្លូវធំ ក្រោមប្រធានបទចម្រុះ។

 

 

ចំណុចលេចធ្លោមួយគឺការតាំងបង្ហាញចង្កៀងរូបសំលៀកបំពាក់ជនជាតិ Tu ដែលមានការរួមបញ្ចូលគ្នានូវសំលៀកបំពាក់ប្រពៃណីជាមួយនឹងសិល្បៈចង្កៀង បង្ហាញពីបេតិកភណ្ឌវប្បធម៌ពិសេសរបស់ជនជាតិភាគតិចមួយនេះ។

 

 

ក្រៅពីការតាំងបង្ហាញគោម ឧទ្យាននេះក៏មានការសម្ដែងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ រួមទាំងកាំជ្រួច និងការសម្ដែងក្បាច់គុន ដើម្បីបង្កើនបទពិសោធន៍រីករាយពេលរាត្រីសម្រាប់អ្នកទស្សនា។

 


នៅតំបន់ស្វយ័ត Ningxia Hui (នីងស៊ែ ហួយ) វិញអ្នកស្រុកនិងភ្ញៀវទេសចរបានចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ប្រពៃណីចំណាស់មួយមានឈ្មោះថា Jiuqu Yellow River Lantern Array។

 

 

ក្នុងនោះចង្កៀងគោមចែកចេញជា៩ផ្នែក ដែលតំណាងឱ្យ លាភសំណាង ភាពចម្រុងចម្រើន អាយុយឺនយូរ សុភមង្គល លាភសំណាង សន្តិភាព សុខភាព និងភាពសុខដុមរមនា។ 

 


ចំណែក ក្នុងទីក្រុង Xuancheng (សួនឆឹង) ខេត្ត Anhui (អានហួយ) ភាគខាងកើតវិញក៏បានប្រារព្ធពិធីបុណ្យនេះដោយការសម្តែងរបាំនាគ និងចង្កៀងត្រី។ អមដោយចង្វាក់ស្គរ និងការបាញ់កាំជ្រួច ចង្កៀងគោមនាគមាសបានបញ្ចេញរាងយ៉ាងប្រណិតតាមដងផ្លូវ ព្រមជាមួយគោមរូបត្រីជាច្រើន ខណៈហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីផ្តិតយករូបភាពនៃការសម្តែងដ៏រស់រវើកតាមទូរស័ព្ទដៃរៀងៗខ្លួន ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025