ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

កម្ពុជា បដិសេធថា ភ្លើងឆេះព្រៃ នៅខេត្តត្រាតរបស់ថៃ មិនមែនជាភ្លើងឆេះរាលដាលពីកម្ពុជាទេ

១៣ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងរដ្ឋបាលស្រុកវាលវែង បានប្រកាសបដិសេធនឹងការផ្សាយរបស់គេហទំព័រកាសែតថៃ www.nationthailand.com ដែលបានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជា ឆេះឆ្លងទៅព្រៃឈើ នៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ»។

 

 

ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ ទាំងស្រុង ចំពោះការចុះផ្សាយរបស់កាសែតថៃខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា រូបភាព ដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃ នៅប្រទេសថៃ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះ ពុំមានព្រៃស្រោង ឬដើមឈើធំៗ ដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះឡើយ។

 


ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការ បានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះ មិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បញ្ជាក់ថា ការឆេះព្រៃ នៅភ្នំពេញ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ។

 


តាមសេចក្តីប្រកាស រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះ រាលដាល រហូតបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត។ចំណែកក្រសួងបរិស្ថាន ក៏បានប្រកាស ច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃ នៅប្រទេសកម្ពុជា។

 


ក្រសួងបរិស្ថាន ក៏បានច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែតថៃ The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃ នៅប្រទេសកម្ពុជា ផងដែរ។ក្រសួងបរិស្ថាន បានបញ្ជាក់ថា តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរូបភាពផ្កាយរណប ព្រមទាំងទិសខ្យល់ ដែលមួយរយៈពេលកន្លងមក បញ្ជាក់ថា ការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។

 

ដោយឡែក ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។ ក្នុងន័យនេះ ក្រសួងបរិស្ថាន បានប្រកាសអំពាវនាវដល់សាធារណជន កុំជឿលើការផ្សព្វផ្សាយ ដែលគ្មានការពិតរបស់កាសែតថៃ ឱ្យសោះ។ក្នុងសេចក្តីបំភ្លឺ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភ្លើងឆេះព្រៃ មិនធ្វេសប្រហែស បណ្តាលឱ្យមានភ្លើងឆេះព្រៃ ដែលនាំឱ្យមានការបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះ ប៉ះពាល់ដល់សុខភាពបរិស្ថាន និងជាពិសេសប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាឡើយ។


ក្រៅពីប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់កាសែតថៃខាងលើ រដ្ឋបាលស្រុកវាលវែង ក៏បានគូសបញ្ជាក់ថា ក្នុងភូមិសាស្ត្រឃុំថ្មដា របស់ស្រុកវាលវែង ដែលជាឃុំជាប់ព្រំប្រទល់ជាមួយប្រទេសថៃ មានករណីភ្លើងឆេះស្មៅអំបោស និងស្បូវបន្តិចបន្តួចប៉ុណ្ណោះ ពុំមានឆេះព្រៃស្រោង ឬបដើមឈើធំៗ ដែលធ្វើឱ្យឆេះព្រៃរបស់ប្រទេសថៃឡើយ។


ចំពោះការឆេះស្មៅអំបោស ឬស្បូវ ក្នុងភូមិសាស្ត្រស្រុកវាលវែង រដ្ឋបាលស្រុកវាលវែង បានលើកឡើងថា អាជ្ញាធរស្រុក និងឃុំ តែងតែធ្វើការទប់ស្កាត់បានទាន់ពេល ពុំដែលបណ្តែតបណ្តោយទុករហូតប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងជីវៈចម្រុះឡើយ។ រដ្ឋបាលស្រុកវាលវែង ក៏បានរៀបចំក្រុមការងារ ប្រចាំការគ្រប់គោលដៅ ដែលអាចប្រឈមនឹងភ្លើងឆេះព្រៃ ជាពិសេសតាមបណ្តាភូមិសាស្ត្រជាប់ព្រំដែន។


សេចក្តីប្រកាស បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរស្រុក ឃុំ តែងតែយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ហើយក៏មិនបណ្តែតបណ្តោយឱ្យមានករណីភ្លើងឆេះព្រៃរាលដាល រហូតបង្កឱ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025