ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

សមាគមសិល្បករខ្មែរ ចាប់ដៃជាមួយ វិចិត្រសាលសិល្បៈអង្គរ ជំរុញវិស័យគំនូរកម្ពុជា ទៅកាន់ឆាកអន្តរជាតិ !

១០ កុម្ភៈ ២០២៥ | កម្សាន្ដ

 

សិល្បករ សិល្បការិនី ជាច្រើននាក់បានចូលរួមនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សមាគមសិល្បករខ្មែរជាមួយ វិចិត្រសាលសិល្បៈអង្គរ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍និងអភិរក្សសិល្បៈវប្បធម៌ កម្ពុជា ដោយផ្តោតសំខាន់ការជំរុញវិស័យគំនូរនៅ កម្ពុជា កាន់តែមានកិត្តិសព្ទទៅកាន់ឆាកជាតិ និងអន្តរជាតិ ។ 

 

 

 សមាគមសិល្បករខ្មែរ តាមរយៈអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម បានមានប្រសាសន៍ថា ការចាប់ដៃសហការគ្នាជាលក្ខណៈជាតិនិងអន្តរជាតិជាមួយវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នាធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និង អភិរក្សសិល្បៈវប្បធម៌កម្ពុជា តាមរយៈស្លាកសញ្ញា « The Icons Of Cambodia Fine Art Series » ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជា យើងទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ ។ 

 

 

ដោយឡែកលោក Bernard Teo សហស្ថាបនិកវិចិត្រសាលសិល្បៈអង្គរ បានចាត់ទុកការចាប់ដៃពិព័រណ៍ សិល្បៈគំនូរ “រូបតំណាងកម្ពុជា” នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ហើយក៏ជាការអបអរសាទរនៃភាពសម្បូរបែបនៃសិល្បៈ វប្បធម៌ និងការច្នៃប្រឌិតរបស់កម្ពុជា ។ នេះក៏ជាការចាប់ផ្តើមនៃដំណើរដ៏គួរឱ្យរំភើបមួយដើម្បីបង្ហាញ ពីទេពកោសល្យ មិនធម្មតានៃវិចិត្រករជាតិ និងវិចិត្រករអន្តរជាតិដែលទាញទឹកចិត្តពីមរតកសិល្បៈដ៏សម្បូរបែបរបស់កម្ពុជា ។ 

 

 

ការតាំងពិព័រណ៌របស់វិចិត្រសាលសិល្បៈអង្គរ មានមោទនភាព ក្នុងការ បង្ហាញ ការ ប្រមូលផ្ដុំរូបតំណាងកម្ពុជា ដែលកម្រងមានស្នាដៃគំនូរសិល្បៈបែបខ្មែរដែលបង្កើតឡើងដោយវិចិត្រករជាតិ និងអន្តរជាតិ។ ការប្រមូលផ្តុំនេះនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សិល្បៈអន្តរជាតិ ដោយណែនាំសិល្បៈខ្មែរទៅ ទស្សនិកជន ជុំវិញពិភពលោក។ 

 

 

គួរបញ្ជាក់ផងដែរថា ការចាប់ដៃគ្នារវាងសមាគមសិល្បករខ្មែរ និងលោក Bernard Teo គឺដើម្បីរួមគ្នាលើកតម្កើងស្នាដៃសិល្បៈគំនូរកម្ពុជាឱ្យកាន់លេចធ្លោរជាងមុន និងចូលរួមចំណែកជួយលើកទឹកចិត្តដល់វិចិត្រករក្នុងអាជីពនេះ ធ្វើឱ្យមានភាពសម្បូរបែប និងរស់រវើកនៃសិល្បៈគំនូរនៅកម្ពុជា ។ ជួយជំរុញការផ្សព្វផ្សាយប្រភេទស្នាដៃសិល្បៈគំនូរដែលពោរពេញដោយទេពកោសល្យ និង ការច្នៃប្រឌិតខ្ពស់របស់វិចិត្រករ កម្ពុជា កាន់តែទូលំទូលាយនៅលើឆាកជាតិ និងអន្តរជាតិ ។

 

 

នេះក៏នឹងក្លាយជាវេទិកាមួយអាចនាំយកនូវភាពស្រស់ស្អាត ថ្កុំថ្កើងនៃសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ហើយតាមរយៈស្នាដៃគំនូរដ៏ល្អវិចិត្ររបស់សិល្បករកម្ពុជា ក៏នឹងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាផងដែរ ។អ្វីដែលកាន់តែពិសេសនោះនឹងបើកឱកាសឱ្យវិចិត្រករកម្ពុជា និងបរទេសកាន់តែមានពេលស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធ គ្នាកាន់តែច្រើនជាងមុន ហើយ ប្រែក្លាយទីផ្សារផ្នែកវិចិត្រសាលរបស់យើងទៅជាមជ្ឈមណ្ឌលវប្បធម៌ ដ៏ធំ នា ពេល អនាគត ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ អ៊ិន អាត  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025