ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ដោយសារតែខ្លាចក្នុងការថតឈុតស្នេហាផ្អែមល្ហែមអតីត Miss Grand Cambodia កញ្ញា ភឹម ស្រីណូ មិនទទួលថតរឿងស្នេហាទាំងអស់ បើទោះជាទទួលបានតម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ ។
ក្រោយពីថតចប់រឿងដុំលើកដំបូងឱ្យផលិតកម្ម LD ស្រាប់តែកញ្ញា ភឹម ស្រីណូ បានផ្អាកមិនទទួលថតរឿងថ្មីនៅឡើយទេ បន្ទាប់ពីមានអ្នកដឹកនាំរឿងបានស្នើរឱ្យនាងថតឈុតស្នេហាផ្អែមល្ហែម ក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតា ។
អតីត Miss Grand Cambodia រូបនេះ បានប្រលូកក្នុងសិល្បៈច្រើនឆ្នាំមកហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្បីល្បាញនោះទេ ដោយសារនាងជាតារាស្រីមួយដែលមិនសូវចេះអែបអប ភាគច្រើននាងថតតែស្ពតនិងម៉ូដប៉ុណ្ណោះ ។ នៅបំណាច់ឆ្នាំ២០២៤កន្លងមក ភឹម ស្រីណូ មានឱកាសល្អបានក្លាយទៅជាតួឯកស្រីនៅក្នុងរឿងដុំថ្មីមួយរបស់ផលិតកម្ម LD ដែលត្រៀមនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ ។
ជាមួយនិងការទទួលបានបទពិសោធក្នុងវិស័យសម្តែងលើកដំបូង ចាប់ផ្តើមធ្វើឱ្យកញ្ញា មានហាងឆេងក្នុងសិល្បៈឡើងវិញ ក្រោយបញ្ចប់ការងារក្នុងនាមជាបវរកញ្ញា ។ កញ្ញា ភឹម ស្រីណូ បានទទួលស្គាល់ថា មានផលិតកម្មច្រើនហៅនាងថតជាបន្តបន្ទាប់ ប៉ុន្តែនាងពុំទាន់ទទួលថតឡើយ ដោយសារតែសាច់រឿងទាំងនោះមិនត្រូវជាមួយនាង ជាពិសេសគឺគេចង់ឱ្យនាងសម្តែងឈុតឆាក ដែលមានស្នេហា ស្និទ្ធស្នាលជាមួយតួឯកប្រុស ។
សម្រាប់រូបនាងបើថតឈុតឆាកវាយតប់ឈុតគ្រោះថ្នាក់បែបណា នាងមិនខ្លាចក្នុងការថតឡើយ នាងអ្វីដែលនាងខ្លាចនោះគឺថតឈុតស្នេហា ។កញ្ញា ភឹម ស្រីណូ បានបន្ថែមទៀតថា មិនថាគេឱ្យតម្លៃខ្លួននៃការថតរឿងស្នេហាខ្ពស់យ៉ាងណា នាងមិនចាប់អារម្មណ៍ឡើយ សំខាន់គឺនាងមិនចូលចិត្តថតរឿងស្នេហា អោបថើប ។
កញ្ញា ភឹម ស្រីណូ នៅពុំទាន់មានគម្រោងនឹងដាក់ពាក្យចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅឡើយ ព្រោះនាងចង់ពង្រឹងសមត្ថភាពខ្លួនឱ្យរឹងមាំជាងនេះសិន ទាំងសមត្ថភាពដើរម៉ូដ ការឆ្លើយសំណួរ និង រូបសម្រស់ជាដើម...។ យ៉ាងយូរ ២ ឬ ៣ឆ្នាំនេះនាងនឹងពិចារណាក្នុងការដាក់ពាក្យចូលប្រកួតជាថ្មី ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន