ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
អគ្គីភ័យមួយបានកើតឡើងនៅឯសណ្ឋាគាររមណីយដ្ឋានជិះស្គីកម្ពស់១១ជាន់មួយកន្លែងនៅតំបន់ភ្នំ បូលូ (Bolu) នៅភាគពាយព្យប្រទេសតួកគីដែលមកដល់ពេលនេះបានសម្លាប់មនុស្ស៧៦នាក់ ហើយរាប់សិបនាក់ទៀតបានរងរបួសកាលពីថ្ងៃអង្គារ ខណៈភ្ញៀវមួយចំនួនភ័យស្លន់ស្លោ ហើយក៏បង្ខំចិត្តលោតចេញតាមបង្អួចទាំងកណ្តាលយប់តែម្ដង។
រដ្ឋមន្ត្រីមហាផ្ទៃលោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយថា នៅពេលភ្លើងកំពុងឆេះ ភ្ញៀវចំនួន២៣៨នាក់កំពុងស្នាក់នៅក្នុងសណ្ឋាគារដែលមានទីតាំងស្ថិតនៅតាមជម្រាលភ្នំមួយនេះ។ លោក យឺលីកាយ៉ា បាននិយាយនៅកន្លែងកើតហេតុដោយបានចូលរួមរំលែកទុក្ខថា វាមិនអាចពិពណ៌នាអំពីការឈឺចាប់របស់ពួកគេបានឡើយ។ ពេលនេះភ្លើងបានរលត់ហើយ ហើយកិច្ចខិតខំស្វែងរកនិងជួយសង្គ្រោះនៅសណ្ឋាគារនេះក៏បានបញ្ចប់ហើយ ដែរ។
លោកបានបន្តថា អាជ្ញាធរកំពុងធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណសាកសពមួយចំនួនដែលបានរកឃើញនៅកន្លែងកើតហេតុ ហើយអាជ្ញាធរក៏បានបង្កើតក្រុមស៊ើបអង្កេតមួយដើម្បីកំណត់ពីមូលហេតុនៃគ្រោះអគ្គិភ័យនេះផងដែរ។ លោក យឺលីកាយ៉ា បានបន្ថែមទៀតថា ពេលនេះប៉ូលិសបានឃុំខ្លួនមនុស្សចំនួន៩នាក់ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ហើយក្រុមរដ្ឋអាជ្ញានឹងបំភ្លឺអំពីមូលហេតុនៃអគ្គិភ័យនេះ ហើយអ្នកពាក់ព័ន្ធនឹងហេតុការណ៍នេះនឹងត្រូវនាំមកកាត់ទោសតាមច្បាប់ជាធរមាន៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន