ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥

អ្នកជំនាញយល់ឃើញថា អាណត្តិទី២របស់លោក ត្រាំ នឹងជះផលប៉ះពាល់ដល់ប្រទេសអូស្ត្រាលី

 

 

លោកស្រី អេម៉ា ហ្វ័រទីស (Emma Fortis) នាយកកម្មវិធីកិច្ចការអន្តរជាតិ និងសន្តិសុខនៅវិទ្យាស្ថានអូស្ត្រាលី ជឿជាក់ថា បញ្ហាប្រឈមដ៏សំខាន់បំផុតរបស់ប្រទេសអូស្ត្រាលីនៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិកគឺជាការទទួលស្គាល់អំណាចជាតិរបស់ខ្លួន។ លោកស្រី បាននិយាយក្នុងបទសម្ភាសមួយនៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៣ ខែមករាថា លោកស្រីគិតថា រដ្ឋបាលរបស់លោក ត្រាំ ទី២នេះគឺមានគ្រោះថ្នាក់មិនគួរឱ្យជឿដល់ប្រទេសអូស្ត្រាលី។ លោកស្រី បានបន្ថែមថា អូស្ត្រាលីនឹងប្រឈមមុខនឹងបញ្ហាជាច្រើនមិនត្រឹមតែជាការដោះស្រាយជាមួយលោក ត្រាំ ជាលក្ខណៈបុគ្គលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការដោះស្រាយនូវអ្វីដែលលោក ត្រាំ បានបង្ហាញ និងសម្ពាធព្រមទាំងការគំរាមកំហែងផ្សេងៗទៀតរបស់លោក ត្រាំ ផងដែរ។

 

 

លោកស្រី ហ្វ័រទីស បានលើកឡើងអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងជាក់លាក់ថា ប្រទេសទាំងពីរនឹងផ្ដល់ផលប៉ះពាល់យ៉ាងសំខាន់លើប្រទេសអូស្ត្រាលី ខណៈកំពុងប្រែក្លាយតំបន់មហាសមុទ្រប៉ាស៊ីហ្វិកឱ្យទៅជា«មូលដ្ឋានឈរជើង»សម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

លោកស្រី បានកត់សម្គាល់ថា បច្ចុប្បន្នអូស្ត្រាលី និងចិនមានឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការផ្ដោតលើអាកាសធាតុ និងតំបន់ផ្សេងទៀត ប៉ុន្តែលោកស្រីគិតថា រដ្ឋបាលរបស់លោក ត្រាំ អាចនឹងបង្កផលរំខានដល់ប្រទេសទាំងពីរនេះ ខណៈដែលចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីដែលមានចំនួនជិតមួយភាគបីនៃការនាំចេញរបស់ប្រទេសអូស្ត្រាលី៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025