ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
បាក់ដីបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង នៅកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងតិច១៧នាក់ និង៩នាក់ផ្សេងទៀត បាត់ខ្លួន។ យោងទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិឱ្យដឹងនៅថ្ងៃអង្គារ(២១មករា)។
ភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគកណ្តាលខេត្តចាវ៉ា បានបង្កឱ្យបាក់ដីនៅថ្ងៃច័ន្ទ , បាក់ស្ពានមួយកន្លែង និងលុបកប់លំនៅដ្ឋានរួមទាំងរថយន្តជាច្រើនគ្រឿងនៅក្នុងល្បាប់ភក់។
«ក្រុមចម្រុះទទួលបន្ទុកកិច្ចការសង្គ្រោះ បានជួយជនរងគ្រោះម្នាក់ចេញពីល្បាប់ដីភក់។ ហើយបានរកឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតផ្សេងទៀត ធ្វើឱ្យតួលេខមនុស្សស្លាប់កើនឡើងដល់១៧នាក់»។ យោងអ្នកនាំពាក្យទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ស្របគ្នា តួលេខមនុស្សបាត់ខ្លួនកើនឡើងដល់៩នាក់។ របាយការណ៍ដំបូង ឱ្យដឹងថា តួលេខមនុស្សបាត់ខ្លួនមាន៣នាក់។
អាជ្ញាធរឥណ្ឌូនេស៊ី ឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ហើយតំបន់រងគ្រោះមានភាពធ្ងន់ធ្ងរ ដោយសារជាតំបន់ភ្នំ។
តាមការព្យាករណ៍អាកាសធាតុ សម្រាប់រយៈពេល២ទៅ៣ថ្ងៃខាងមុខ បានបង្ហាញពីភ្លៀងធ្លាក់ កម្រិតមធ្យមអាចកើតមានឡើងដែលអាចឱ្យមានទឹកជំនន់ និងបាក់ដី។
ប្រែសម្រួល៖ណាវ័ន្ត