ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

លោក ម៉ាក្រុង បានសម្របសម្រួលឱ្យលោក ត្រាំ និងលោក ហ្សឺឡិនស្គី ជួបពិភាក្សាគ្នានៅទីក្រុងប៉ារីស

ក្រុមមេដឹកនាំពិភពលោកមួយចំនួនរួមទាំងលោក ត្រាំ និងលោក ហ្សឺឡិនស្គី ផងបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃសៅរ៍តាមការអញ្ជើញរបស់លោក ម៉ាក្រុង ដើម្បីចូលរួមក្នុងពិធីសម្ពោធឱ្យដំណើរការឡើងវិញនូវប្រាសាទណូត្រឺដេម (Notre Dame) ក្រោយពីបានជួសជុលរយៈពេល៥ឆ្នាំ។

 

 

នៅមុនពេលពិធីនេះ លោក ម៉ាក្រុង ក៏បានដើរតួជាអ្នកសម្របសម្រួលឱ្យលោក ត្រាំ និងលោក ហ្សឺឡិនស្គី បានជួបពិភាក្សាគ្នាត្រីភាគីរយៈពេលប្រហែល៣០នាទីនៅវិមានអឺលីសេ (Elysee) របស់រដ្ឋាភិបាលបារាំងផងដែរ។ ជំនួបត្រីភាគីនេះបានធ្វើឡើងដោយគ្មានការគ្រោងទុកជាមុននោះទេ ប៉ុន្តែវាបានកើតឡើងចំពេលមេដឹកនាំអឺរ៉ុបជាច្រើនកំពុងបារម្ភថា លោក ត្រាំ អាចនឹងឈប់ ឬកាត់បន្ថយជំនួយយោធារបស់អាម៉េរិកដល់ប្រទេសអ៊ុយក្រែនដែលជាផ្នែកដ៏សំខាន់នៅក្នុងសង្គ្រាមដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

 

 

ក្រោយពីជំនួបនេះលោក ហ្សឺឡិនស្គី បាននិយាយថា ជំនួបត្រីភាគីនេះបានផ្ដល់លទ្ធផលល្អ និងមានផ្លែផ្កាច្រើន ហើយថា មេដឹកនាំទាំងបីបានព្រមព្រៀងគ្នាថានឹងបន្តធ្វើការរួមគ្នាដើម្បីរកដំណោះស្រាយបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។

 

 

ទន្ទឹមនេះដែរ លោក ហ្សឺឡិនស្គី បាននិយាយថា ទាហានអ៊ុយក្រែនប្រហែលចំនួន៤ម៉ឺន៣ពាន់នាក់បានស្លាប់ចាប់តាំងពីមានការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលចំនួន៣៧ម៉ឺននាក់ទៀតបានរងរបួស។ លោកក៏បាននិយាយដែរថា ទាហានរុស្ស៊ីជិត២០ម៉ឺននាក់បានស្លាប់ ហើយចំនួន៥៥ម៉ឺននាក់ទៀតបានរងរបួស៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024