ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់ បានជួបជុំគ្នានៅថ្ងៃសៅរ៍(ថ្ងៃទី២១ធ្នូ) បោសសម្អាតប្រេងស្អិតរាប់តោនដែលនៅលាយជាមួយខ្សាច់ចេញពីឆ្នេរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី ក្រោយពីប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បានហៅថាជាគ្រោះមហន្តរាយអេកូឡូស៊ី។
ប្រេង បានហូរចេញពីនាវាដឹកប្រេងចាស់ចំនួន២គ្រឿងរបស់ប្រទេសរុស្ស៊ី ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារព្យុះកាលពីចុងសប្តាហ៍នៅច្រកសមុទ្រ Kerch ។ ក្នុងចំណោមនាវាទាំង២គ្រឿងមាននាវា១គ្រឿងត្រូវដាច់ពាក់កណ្តាល ហើយនាវិកម្នាក់ស្លាប់។
ចក្រសមុទ្រKerch ជាច្រកមួយបំបែកភាគខាងត្បូងប្រទេសរុស្ស៊ី និងតំបន់គ្រីមៀរ។តំបន់នេះ ត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ផ្តាច់ចេញពីប្រទេសអ៊ុយក្រែន ហើយដាក់ចូលជាឧបសម្ព័ន្ធប្រទេសរុស្ស៊ីនៅឆ្នាំ២០១៤។
ក្រុមអ្នកស្ម័គ្រចិត្តបានប្រាប់សារព័ត៌មានរ៉យទ័រដូច្នេះថា គ្រោះមហន្តរាយនឹងមានផលវិបាករយៈពេលវែងដល់ធម្មជាតិក្នុងតំបន់ ដោយសារប្រេងជ្រៀតចូលស្រទាប់ដីខាងលើ។
ច្រកសមុទ្រ Kerch គឺជាផ្លូវសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ី។ កប៉ាល់ទាំង២ បានដឹកជញ្ជូនផលិតផលប្រេងសរុបចំនួន៩២០០តោន(ឬស្មើនិង៦២០០០បារ៉ែល)។ ក្នុងបរិមាណនេះមានប្រហែលជា៤០ភាគរយ ត្រូវបានលេចធ្លាយចូលទៅក្នុងសមុទ្រ។
គ្រោះមហន្តរាយនេះ បានកើតឡើងនៅតំបន់ដែលផ្តល់ជម្រកដ៏សំខាន់សម្រាប់សត្វបក្សីសមុទ្រ និងសត្វផ្សោត។ ក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតគឺតំបន់ Anapa ដែលជាតំបន់ទេសចរណ៍ដែលល្បីល្បាញដោយសារឆ្នេរខ្សាច់ពណ៌មាស។
ប្រែសម្រួល៖ណាវ័ន្ត