ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ជយលាភីអមតៈ ប្រចាំឆ្នាំ២០២៤ ត្រូវបានប្រកាសផ្តល់ជូនទៅកាន់ម្ចាស់ជយលាភី ដើម្បីឱ្យសិល្បករទាំងអស់យកទៅបង្កើតស្នាដៃសិល្បៈតាមបែបផែនរៀងៗខ្លួន ប្រកបដោយភាពរស់រវើកក្នុងទម្រង់បែបច្នៃប្រតិដ្ឋថ្មី។
«ជយលាភីអមតៈ ប្រចាំឆ្នាំ២០២៤» ជាកម្មវិធីដ៏ពិសេសមួយដែលធ្វើឡើងដើម្បីអបអរភាពជោគជ័យនៃអ្នកទទួលបានអាហារូបករណ៍ និងអ្នកទទួលបានមូលនិធិក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ពីអង្គការសិល្បៈខ្មែរអមតៈ សម្រាប់យកទៅបង្កើតភាពរស់រវើកនៃសិល្បៈ និងការបង្ហាញបែបច្នៃប្រតិដ្ឋនៅកម្ពុជា។
កម្មវិធី «ជយលាភីអមតៈ ប្រចាំឆ្នាំ២០២៤» លើកទី៣ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗ ដើម្បីចូលរួមអបអរសាទរ។
កម្មវិធីដ៏មានអត្ថន័យនេះ នាំមកជូននូវការសម្តែងស្នាដៃសិល្បៈមួយចំនួនដែលជាសុទ្ធសឹងជាស្នាដៃច្នៃប្រតិដ្ឋ និងស្នាដៃបង្កើតថ្មីដែលទទួលបានការគាំទ្រពី អង្គការសិល្បៈខ្មែរអមតៈ តាមរយៈកម្មវិធីមូលនិធិនានា។ ទៀតសោត កម្មវិធីនេះក៏មានការប្រគល់វិញ្ញាបនបត្រជ័យលាភីជូនអ្នកទទួលបានអាហារូបករណ៍ និងអ្នកទទួលបានមូលនិធិឆ្នាំ២០២៤ និងឆ្នាំ២០២៥ ផងដែរ។
កញ្ញា យ៉ុន សុខខន នាយិកាកម្មវិធី នៃអង្គការសិល្បៈខ្មែរអមតៈ បានលើកឡើងថា «ការងាររបស់យើងនាពេលបច្ចុប្បន្ន គឺគាំទ្រដល់សិល្បៈគ្រប់ទម្រង់ ស្របទៅនឹងបេសសកម្មរបស់យើងជាកត្តាជំរុញក្នុងការពង្រឹងវិស័យសិល្បៈនៅកម្ពុជា។ បន្ថែមពីលើតួនាទីជាអ្នកផ្តល់មូលនិធិ សិល្បៈខ្មែរអតមៈក៏បានជួយពង្រឹងសមត្ថភាពស្ថាប័នសិល្បៈមួយចំនួន តាមរយៈការគាំទ្រទៅលើផ្នែកគ្រប់គ្រងទូទៅ និងផ្នែករដ្ឋបាល ក្នុងដំណាក់កាលចាប់ផ្តើមដំបូងដែលគេកំពុងកសាងមូលដ្ឋានគ្រឹះនៃស្ថាប័នខ្លួន។ ការវិវត្តថ្មីនៃចំនុចផ្តោតនៃការងាររបស់យើងក្នុងពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការកំពុងកើតឡើង ក៏ដូចជាឱកាសដ៏គួរអោយរំភើប ដែលបន្តពង្រឹងវិស័យសិល្បៈទាំងមូល។
យើងបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិល្បករនិងប្រតិបត្តិករសិល្បៈ ដោយហេតុថាសិល្បៈខ្មែរអមតៈ ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដ៏តិចតួច ដែលបានផ្តល់មូលច្រើនប្រភេទដើម្បីគាំទ្រលើការងាររបស់ពួកគេ។ គុណតម្លៃនៃការងាររបស់យើងគឺលើសពីជំនួយផ្នែកហិរញ្ញវត្ថុ ព្រោះយើងថែមទាំងផ្តល់នូវបទពិសោធន៍ និងចំណេះដឹងថ្មីអំពីដំណើរការនៃកម្មវិធីទាំងមូល តាំងពីដំណាក់កាលនៃការប្រឹក្សាយោបល់ក្នុងដំណើរការដាក់ពាក្យ ការអនុវត្តគម្រោង រហូតដល់ដំណាក់កាលឆ្លុះបញ្ចាំងស៊ីជម្រៅអំពីសមិទ្ធិផលការងារទាំងនោះ។
ដំណើរការស៊ីជម្រៅទាំងនេះ បានផ្តល់ជាមធ្យោបាយដល់សិល្បករ និងស្ថាប័នទាំងនោះ ក្នុងការកសាងគ្រឹះរបស់ខ្លួនអោយកាន់តែរឹងមាំ និងមាននិរន្តរភាពសម្រាប់ពេលអនាគត»។ ស្របជាមួយគ្នានោះ លោក រម៉ាម ធីម៉ូថេ និង កញ្ញា រក្សា ម្ចាស់ជ័យលាភីអមតៈ ប្រចាំឆ្នាំ២០២៤ បានរៀបរាប់ឱ្យដឹងពីគកម្រោងផែនការបន្ទាប់ដែលត្រៀមធ្វើក្រោយទទួលបានអាហារូបករណ៍ និងមូលនិធិក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ម្ចាស់ជ័យលាភីទាំងពីររូបសន្យាប្រើប្រាស់មូលនិធិឱ្យបានល្អ ដើម្បីបង្កើតស្នាដៃសិល្បៈបែបច្នៃប្រតិដ្ឋពោរពេញដោយភាពរស់រវើក។
គួររំឮកឱ្យដឹងផងដែរថា កម្មវិធីជយលាភីអមតៈ បង្កើតឡើងដំបូងក្នុងឆ្នាំ ២០២២។ កម្មវិធីនេះបានក្លាយជាវេទិកាសំខាន់មួយដែលអង្គការសិល្បៈខ្មែរអមតៈរៀបចំឡើង ក្នុងគោលបំណងទទួលស្គាល់ដល់ការរួមចំណែកដ៏សំខាន់របស់សិល្បករ និងអ្នកបម្រើការក្នុងវិស័យសិល្បៈវប្បធម៌កម្ពុជា។ កម្មវិធីនេះក៏ជាឱកាសសម្រាប់ការជួបជុំ រវាងអ្នកផ្ដល់ជំនួយ ក្រសួង ដៃគូសហការ សហគមន៍សិល្បៈ និងភាគីពាក់ព័ន្ធនានា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច