ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តជំរុញការនាំចេញទៅទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា ជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។
ថ្លែងក្នុងពិធី ពិសាភោជនីអាហារសាមគ្គីប្រចាំឆ្នាំ របស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា ជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍន៍វិស័យនេះ ទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាសម្រេចបាន ក៏ដូចជាការចុះអនុស្សរណៈយោគយល់គ្នា ដែលពិតជាចូលរួមចំណែកសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ជាពិសេស នៅពេលកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅពេលខាងមុខ។
ទន្ទឹមនឹងនេះ វិស័យស្បែកជើង និងផលិតផលធ្វើដំណើរ នៅក្នុងឆ្នាំ ២០២៤ មានការនាំចេញ ជាង ២០% បើធៀបនឹងឆ្នាំ២០២៣ ខណៈការបញ្ជាទិញក៏មានច្រើនគួរឱ្យកត់សម្គាល់។ ការបញ្ជាទិញច្រើនបែបនេះ គឺដោយសារតែស្ថានភាពនយោបាយនៅកម្ពុជា មានភាពនឹងនរ ចំណែកឯការបញ្ជាទិញ និងរោងចក្រ ក៏មានទំនុកចិត្ដកាន់តែខ្លាំងជាងមុន។
គួរបញ្ជាក់ថា បើយោងតាមប្រធានសមាគមស្បែកជើងកម្ពុជា បានឲ្យដឹងថា រយៈពេល ៩ខែ ក្នុងឆ្នាំ ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ មានការនាំចេញទៅអឺរ៉ុប អាមេរិក អាស៊ី និងចិន៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ