ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

ថៃ រំពឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប នៅដើមឆ្នាំ ២០២៥

០៣ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប គ្រោងនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា ឆ្នាំ២០២៥ ជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុប កាន់តែច្រើនមកកាន់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅក្នុងថ្ងៃនេះ។

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានប្រកាសពី ការចរចាជោគជ័យសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលីចតេនស្ទីន។

 


កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ ដើម្បីបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។ជាក់ស្តែង ការចរចានេះ ផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២២ ត្រូវបានបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ ដោយបំពេញតាមពេលវេលាកំណត់។

 


កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើវិស័យចំនួន ១៥ ដូចជាពាណិជ្ជកម្មទំនិញ ច្បាប់ប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ។ល។

 


ក្រសួងពាណិជ្ជកម្មថៃ បន្ថែមថា នេះគឺជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់ប្រទេសថៃ ជាមួយនឹងប្លុកពាណិជ្ជកម្មអឺរ៉ុប ដោយកំណត់ស្តង់ដារទំនើប និងដោះស្រាយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ជាមួយដៃគូសំខាន់ៗផ្សេងទៀត ដូចជាសហភាពអឺរ៉ុប។

 


សូមជម្រាបថា ពាណិជ្ជកម្មរវាងប្រទេសថៃ និង សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២៤នេះ សម្រេចលើសពី ១០ពាន់លានដុល្លារ ដែលតំណាងឱ្យ ២% នៃពាណិជ្ជកម្ម សរុបរបស់ប្រទេសថៃ និងការកើនឡើង ២៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ការនាំចេញចម្បងរបស់ប្រទេសថៃ ទៅកាន់ សមាគម រួមមានគ្រឿងអលង្ការ នាឡិកា អាហារសមុទ្រកំប៉ុង គ្រឿងម៉ាស៊ីន គ្រឿងសម្អាង និងអង្ករ ខណៈដែលការនាំចូលផ្តោតលើត្បូង មាស ឱសថ ឧបករណ៍វិទ្យាសាស្ត្រ និងអាហារសមុទ្រស្រស់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024