ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

វៀតណាម រំពឹងសម្រេចការនាំចេញកាហ្វេលើស ៥,៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤នេះ

០៣ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម បានព្យាករថា ការនាំចេញកាហ្វេ នឹងឈានដល់កំណត់ត្រា ៥,៦ពាន់លានដុល្លារ នៅឆ្នាំនេះ ដែលជំរុញដោយការកើនឡើងនៃ តម្លៃកាហ្វេពិភពលោក។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។

 

 

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម បានកត់សម្គាល់ថា ការកើនឡើងតម្លៃកាហ្វេពិភពលោកនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យតម្លៃកាហ្វេក្នុងស្រុកកើនឡើងផងដែរ។

 


លោកបានពន្យល់ថា ខណៈពេលដែលតម្លៃកាហ្វេ អាចនឹងប្រែប្រួលនៅពេល វៀតណាមចាប់ផ្តើមប្រមូលផលនៅខែក្រោយ ពួកគេរំពឹងថា តម្លៃកាហ្វេនឹងនៅតែខ្ពស់ជាងឆ្នាំមុន ដោយសារប្រទេសដែលផលិតកាហ្វេធំៗផ្សេងទៀត មិនទាន់ឈានចូលដល់រដូវប្រមូលផលរបស់ពួកគេ។

 


កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា តម្លៃកាហ្វេនៅ តំបន់ភាគកណ្តាលនៃខេត្ត ដាកឡាក់, ឡាំដុង និង ដាក់ណុង មានតម្លៃប្រហែល ៤ដុល្លារ ៨០សេន ក្នុងមួយគីឡូក្រាម។
អាជីវករបានរាយការណ៍ថា តម្លៃកាហ្វេ បាននឹងកំពុងឡើងថ្លៃ មុនរដូវប្រមូលផលឆ្នាំ ២០២៤-២០២៥ ដែលធ្វើឱ្យ កសិករ ពិចារណាការសម្រេចចិត្តលក់គ្រាប់កាហ្វេរបស់ពួកគេភ្លាមៗ ឬរក្សាទុកសិន ដោយសង្ឃឹមថា នឹងឡើងថ្លៃបន្ថែមទៀត។


គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេប្រមាណ ១លាន ២សែនតោន ដែលបង្កើតចំណូលបានជិត ៥ពាន់លានដុល្លារ ដោយតួលេខនេះ គិតជាបរិមាណ ធ្លាក់ចុះ ១៣% ប៉ុន្តែបើគិតជាតម្លៃ គឺកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024