ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

លោក ពូទីន និយាយថា រុស្ស៊ីនឹងប្រើអាវុធទាំងអស់ប្រឆាំងនឹងអ៊ុយក្រែនបើទីក្រុងកៀវមាននុយក្លេអ៊ែរ

២៩ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

កាសែត New York Times របស់អាម៉េរិកបានរាយការណ៍កាលពីសប្តាហ៍មុនថា មន្ត្រីបស្ចិមលោកមួយចំនួនបានស្នើឱ្យប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែនមុនពេលលោកចាកចេញពីតំណែងនៅក្នុងខែមករា។ ឆ្លើយតបនឹងរបាយការណ៍នេះ លោក ពូទីន បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថានថា បើប្រទេសដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមជាមួយឥឡូវនេះបានក្លាយជាមហាអំណាចនុយក្លេអ៊ែរ រុស្ស៊ីនឹងប្រើអាវុធគ្រប់ប្រភេទ និងគ្រប់មធ្យោបាយដើម្បីបំផ្លិចបំផ្លាញប្រទេសនោះ ពោលគឺរុស្ស៊ីមិនអាចឱ្យមានឡើយ ហើយរុស្ស៊ីនឹងតាមឃ្លាំមើលរាល់សកម្មភាពរបស់ពួកគេគ្រប់ជំហាន។

 

 

លោក   ពូទីន បានបន្ថែមថា បើនរណាម្នាក់បានផ្ទេរអ្វីមួយជាផ្លូវការដល់អ៊ុយក្រែន នោះមានន័យថាជាការរំលោភលើការប្តេជ្ញាចិត្តមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដែលពួកគេបានធ្វើកន្លងមក។ លោក ពូទីន បានបន្ថែមទៀតថា វាពិតជាមិនអាចទៅរួចឡើយសម្រាប់អ៊ុយក្រែនក្នុងការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែប្រទេសនេះអាចផលិតប្រភេទគ្រាប់បែកធម្មតាដែលមានសារធាតុវិទ្យុសកម្មដើម្បីបំពុលសម្លាប់មនុស្ស ហើយបើដូច្នេះមែន រុស្ស៊ីនឹងឆ្លើយតបដោយសមរម្យជាមិនខាន។

 

 

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សឺឡិនស្គី បាននិយាយជារឿយៗថា វិធានការនេះនឹងធ្វើឱ្យអ៊ុយក្រែនគ្មានសន្តិសុខឡើយដូច្នេះហើយទើបលោកចង់ចូលជាសសមាជិកអង្គការណាតូជំនួសវិញ ប៉ុន្តែទីក្រុងម៉ូស្គូបានជំទាស់យ៉ាងខ្លាំងចំពោះជម្រើសចុងក្រោយនេះ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024