ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

Ed Sheeran បញ្ចេញបទមនោសញ្ចេតនាសម្រាប់បុណ្យណូអែល

២៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងម្ចាស់បទ “Shape of You” Ed Sheeran ថ្មីៗនេះបានបញ្ចេញបទមនោសញ្ចេតនាបែបបុណ្យណូអែលជាលើកដំបូង ដែលជាបទចម្រៀងសម្រាប់ភាពយន្តគំនូរជីវចលថ្មីមួយរបស់ Netflix។

 


តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញរបស់អង់គ្លេស Ed Sheeran (អេត ស្ហៀរេន) បានចេញផ្សាយវីដេអូចម្រៀងបែបមនោសញ្ចេតនាសម្រាប់រដូវកាលបុណ្យណូអែល មានចំណងជើងថា 'Under the Tree' កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

 


បទចម្រៀងនេះត្រូវបាននិពន្ធឡើងសម្រាប់ខ្សែភាពយន្តគំនូរជីវចល 'That Christmas' របស់ក្រុមហ៊ុន Locksmith Animation ដែលត្រៀមចាក់ផ្សាយនៅលើ Netflix នៅខែក្រោយ ខណៈអត្ថន័យទំនុកច្រៀងបានបង្ហាញពីប្រធានបទសំខាន់ៗពីខ្សែភាពយន្តដូចជាក្តីស្រឡាញ់ ភាពឯកកោ និងការចំណាយពេលរួមគ្នា។

 


តាមរយៈសេចក្ដីថ្លែងការណ៍មួយ តារាចម្រៀងកូន ២ រូបនេះបានរៀបរាប់ថា តាំងពីមានកូនមក រូបលោកហាក់ដូចជាពិបាកស្វែងរកភាពយន្តល្អៗឱ្យកូនមើលនៅថ្ងៃបុណ្យណូអែល ប៉ុន្តែរឿងថ្មីនេះមានគ្រប់ចំណុចដែលលោកចង់បាន។

 

 

លោកបន្ថែមថា បទចម្រៀងនេះសរសេរអំពីតួអង្គក្នុងរឿងដែលចង់ចំណាយពេលបុណ្យណូអែលជាមួយប៉ារបស់គេ ប៉ុន្តែមិនអាចធ្វើបាន ជារឿងគួរឲ្យសោកស្ដាយ ហើយជាអ្វីដែលមនុស្សជាច្រើនត្រូវឆ្លងកាត់តែម្នាក់ឯងជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យណូអែល។

 


គួរបញ្ជាក់ថាសាច់រឿងនៃភាពយន្ត 'That Christmas' គឺជាផ្នែកមួយនៃសៀវភៅប្រលោមលោក ៣ ភាគរបស់អ្នកនិពន្ធ Richard Curtis (រីឆាត ឃើតធីស)។ វីដេអូចម្រៀងបទ “Under the Tree” នេះក៏ជាស្នាដៃដឹកនាំសម្ដែងរបស់លោក Richard Curtis ដែរ ព្រមទាំងមានការចូលរួមសម្ដែងពីតារាស្រីអង់គ្លេស Claudia Jessie (ខ្លោដៀ ជេស៊ី) ជាតួអង្គគូស្នេហ៍របស់ Ed Sheeran ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024