ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ដ្បិតមានបញ្ហាចម្រូងចម្រាសខ្លះៗតែ Miss Planet International 2024 បញ្ចប់ដោយជោគជ័យ និងស្វែងរកបានម្ចាស់មកុដធំ២ 

២៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

មានរឿងចម្រូងចម្រាសខ្លះៗកើតឡើងសម្រាប់ការប្រកួត Miss Planet International 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តែយ៉ាងណាក៏ដោយកម្មវិធីទទួលបានផ្លែផ្កាខ្ពស់ដោយរកឃើញម្ចាស់មកុដធំចំនួន២គឺ អារ៉ាប់រួម និង ឥណ្ឌូណេស៊ី ។ 

 

 

ថ្វីដ្បិតតែការប្រកួត Miss Planet International 2024 មានបញ្ហរកាំរអូស និងមានការរិះគន់មួយចំនួនពីមហាជនក្តី ប៉ុន្តែកម្មវិធីបានបញ្ចប់ទៅដោយជោគជ័យ និងស្វែងរកបានបវរកញ្ញា ២ នាក់ ដែលគ្រងមកុដធំ២ ផ្សេងគ្នា ដែលធ្វើឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល ។ 

 

 

សម្រាប់ប្រទេស កម្ពុជា ទោះបីជាមិនបានចូល Top ល្អណាមួយពីការប្រកួត Miss Planet International 2024 ប៉ុន្តែកញ្ញា ខន សុវណ្ណសុនីតា ធ្វើបានយ៉ាងល្អ ក្នុងនាមបំពេញជំនួសតំណែងកញ្ញា ដេត ស្រីនាថ ដែលបានធ្វើពហិការមិនចូលរួមប្រកួតនៅនាទីចុងក្រោយ មហាជនជាច្រើនបានលើកទឹកចិត្ត និងសរសើរពីភាពក្លាហានរបស់នាង ដែលបានឈរស្រែកតំណាងប្រទេស កម្ពុជា នៅលើឆាកដ៏ធំមួយនេះ ។ 

 


នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2024 កាលពីម្សិលមិញនេះ គឺទទួលបានការរិះគន់ ច្រើនជាងការសរសើរ ។ ទោះជាមានរឿងដូច្នេះកើតឡើងក្តីតែការប្រកួត Miss Planet International 2024 បានបញ្ចប់ទៅដោយជោគជ័យ និង រកបានម្ចាស់មកុដធំរហូតដល់ទៅ ២ នាក់ ។ ម្ចាស់មកុដ Miss Planet International 2024 បានទៅលើប្រទេស អារ៉ាប់រួម កញ្ញា Mahra Lutfi និងប្រទេស ឥណ្ឌូនេស៊ី ទទួលបានមកុដ Miss Planet Angel International 2024 ។

 

 

លំដាប់រងទី ១ បានទៅលើប្រទេស Luxemburg , លំដាប់រងទី ២ បានទៅលើប្រទេស ថៃ , លំដាប់រងទី ៣ ទៅលើ់ អ៊ុយក្រែន ...។ លោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់ថា កម្មវិធីបានបញ្ចប់ទៅហើយ យើងរកបានបវរកញ្ញាដែលសក្តិសមបំផុត ។ ចំពោះរឿងរិះគន់លោកស្រីមិនខ្វល់ឡើយ ពីព្រោះការរៀបចំកម្មវិធីមួយៗ តែងតែមានការរិះគន់ និងការសរសើរ មិនថាកម្មវិធីតូចធំ ថ្នាក់អន្តរជាតិសុទ្ធតែមានរឿងគ្រប់ៗគ្នា ។ 

 

 

សម្រាប់កញ្ញា ដេត ស្រីនាថ ដែលបានពហិការមិនចូលរួមប្រកួតក្នុងកម្មវិធីនេះ ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន ។ រហូតមកដល់ពេលនេះនាងពុំទាន់ចេញមុខបកស្រាយនៅឡើយទេ ។ គួរបញ្ជាក់ផងដែរថា កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International មានការទទួលស្គាល់ពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីនៃអគ្គស្នងការនគរបាលជាតិ រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ។

 

 

បវរកញ្ញាភពផែនដីអន្តរជាតិដែលជាម្ចាស់ជ័យលាភី នឹងក្លាយជាឯកអគ្គរាជទូត (BA) គោលដៅចម្បង គឺដើម្បីលើកកម្ពស់ប្រទេស កម្ពុជា ជាប្រទេសគោលដៅទេសចរណ៍កំពូល ដែលនឹងជួយជំរុញទេសចរណ៍ ចំណូលសេដ្ឋកិច្ច បង្កើតការងារ គាំទ្រអាជីវកម្មក្នុងស្រុក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា និងបង្កើតឱ្យមានការផ្លាស់ប្តូរវប្បធម៌រវាង ជនបរទេស និងប្រជាពលរដ្ឋ ៕ 

 

 


អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024