ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
នៅថ្ងៃនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដំណាល់កាលទី ១ ដែលអនុញ្ញាតឱ្យ វិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅថា ប្រព័ន្ធ cdcIPM ដំណាក់កាលទី១ គឺជាថ្នាលបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យ វិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា កាន់តែងាយស្រួល មិនមានភាពស្មុគស្មាញ។
នាឱកាសនោះ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ cdcIPM នេះ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀត សម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ ផ្តល់ភាពងាយស្រួល និងរហ័សដល់វិនិយោគិន ក្នុងការប្រកបរបររកស៊ីនៅកម្ពុជា ជាពិសេស ក៏ជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់អ្នកវិនិយោគ អាចស្វែងរកនូវទិន្នន័យត្រឹមត្រូវ អាចវិភាគនូវឱកាស និងសម្រេចចិត្តវិនិយោគបានកាន់តែងាយស្រួល។
ពិតណាស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។
ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែគូសរំលេចអំពី កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច ហើយបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹងជូនដល់ វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៣៤៦គម្រោង គិតជាទឹកប្រាក់ជាង ៥ពាន់ ៥រយលានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៣៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត