ថ្ងៃសុក្រ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ប្រជាជនលីបង់អបអរសាទរយ៉ាងកងរំពងចំពោះដំណឹងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា

២៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 


អ្នកដែលផ្លាស់ប្ដូរទីលំនៅនៅប្រទេសលីបង់ខាងត្បូងចាប់ផ្ដើមវិលទៅផ្ទះរបស់ខ្លួនវិញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ បទឈប់បាញ់នេះធ្វើឲ្យមានសេចក្ដីសង្ឃឹមឡើងវិញសម្រាប់ប្រទេសនៅតាមមាត់សមុទ្រមេឌីទែរ៉ាណេមួយនេះ។ ប៉ុន្តែមនុស្សភាគច្រើនមិនទាន់មានទំនុកចិត្ត១០០%ទៅលើបទឈប់បាញ់នេះទេ។ ពួកគេបារម្ភថាភាគីទាំង២ អ៊ីស្រាអែល និងក្រុមហេសបូឡា អាចនឹងផ្ទុះអាវុធសាជាថ្មី។

 

 

អ៊ីស្រាអែលប្រកាសថាខ្លួននឹងវាយប្រហារឡើងវិញបើក្រុមហេសបូឡាធ្វើខុសនឹងលក្ខខណ្ឌនៃបទឈប់បាញ់។ សម្រាប់ពេលនេះ ជនជាតិលីបង់នៅតាមព្រំដែនកំពុងសប្បាយរីករាយបន្ទាប់ពីខ្លួនចាកឆ្ងាយផ្ទះរយៈពេលជាង២ខែមកហើយ។ នៅទីក្រុងទីរ៉េ (Tyre) ជនជាតិលីបង់ឈរអបអរសាទរនៅតាមដងផ្លូវ។

 

 

រថយន្តដែលបើកបរឆ្លងកាត់នោះក៏បញ្ចេញសំឡេងស៊ីផ្លេ ឬសំឡេងស៊ីរ៉ែនយ៉ាងកងរំពង។ តាំងពីព្រឹកព្រលឹម គេឃើញថារថយន្តទាំងខ្សែបានដឹកអ្នកភៀសខ្លួនត្រឡប់ទៅស្រុកកំណើតវិញ។

 

 

 

សូមជម្រាបថាបទឈប់បាញ់នេះអាចសម្រេចទៅបានបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសបារាំងក្នុងនាមជាម្ចាស់អាណានិគមប្រទេសលីបង់ និងសហរដ្ឋអាមេរិកក្នុងនាមជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។ នៅក្នុងលក្ខខណ្ឌមួយនៃកិច្ចព្រមព្រៀងនេះ ហេសបូឡា និងអ៊ីស្រាអែលឯកភាពគ្នាថានឹងបិទបញ្ចប់ការវាយប្រហារគ្នានៅតាមព្រំដែនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់កាលពីពេលកន្លងមក៕

 

ប្រែសម្រួល៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024