ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្មីៗនេះ លោកត្រាំប្រកាសតែងតាំងឧត្ដមសេនីយ៍ចូលនិវត្តម្នាក់ជាប្រេសិតពិសេសទទួលបន្ទុកខាងដោះស្រាយបញ្ហាអ៊ុយក្រែន។ ខាងលើនេះជាសារនយោបាយដែលលោកត្រាំបង្ហោះនៅលើបណ្ដាញសង្គមកាលពីយប់មិញ។ ឧត្ដមសេនីយ៍យោធារូបនេះធ្លាប់គូសវាសផែនការសន្តិភាពសម្រាប់អ៊ុយក្រែន និងបានយកទៅបង្ហាញជូនលោកត្រាំដើម្បីពិនិត្យមើល។
ប្រភពខ្លះបង្ហើបឲ្យដឹងថាផែនការបញ្ចប់សង្គ្រាមរបស់លោក ខេតខេឡក់ (Keith Kellogg) ត្រូវលោកត្រាំពេញចិត្តយ៉ាងខ្លាំង។ នៅក្នុងផែនការនោះ លោកចង់បង្ខំឲ្យអ៊ុយក្រែនចូលតុចរចា។ បើមិនដូច្នេះទេសហរដ្ឋអាមេរិកត្រូវតែកាត់ផ្ដាច់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ លោក ខេឡក់ ធ្លាប់កាន់តំណែងជាប្រធានរដ្ឋបាលនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកប្រចាំសេតវិមានកាលពីអំឡុងពេលលោកត្រាំកាន់អំណាចលើកទី១ពីឆ្នាំ២០១៧-២០២១។
គេរំពឹងថាលោកនឹងដើរតួនាទីសំខាន់នៅក្នុងការដោះស្រាយអ៊ុយក្រែន។ នៅក្នុងសករាជរបស់លោក បៃដឹន លោកមិនបានតែងតាំងប្រេសិតពិសេសទទួលបន្ទុកខាងដោះស្រាយបញ្ហាអ៊ុយក្រែនទេ។ ហេតុនេះ លោកត្រាំចង់បង្កើតក្រុមការងារពិសេសដែលផ្ដោតសំខាន់ទៅលើបញ្ហានេះសុទ្ធសាធតែម្ដង។ គួរកត់សម្គាល់ថាសង្គ្រាមអ៊ុយក្រែនជារបៀបវារៈសំខាន់នៅក្នុងការឃោសនាបោះឆ្នោតរបស់លោកត្រាំ។ លោកសន្យាថានឹងខិតខំបញ្ចប់សង្គ្រាមនេះឲ្យបាន។ គ្រាន់តែថាលោកមិនដែលប្រកាសជាចំហថាត្រូវបញ្ចប់ដោយវិធីណាទេ។
ប្រភពខ្លះបង្ហើបឲ្យដឹងថានៅក្នុងផែនការបញ្ចប់សង្គ្រាមតាមសេណារីយោរបស់លោក ខេតខេឡក់ នោះក៏មានចំណុច១និយាយអំពីការតម្រូវឲ្យភាគីរុស្ស៊ី និងអ៊ុយក្រែនរក្សាទីតាំងឈរជើងនៃកងទ័ពរបស់ខ្លួននៅកន្លែងដដែល។ នៅក្នុងចំណុច១ទៀត លោកចង់ប្រើវិធីបង្ខំឲ្យភាគីទាំង២ត្រូវតែចូលតុចរចា។ ផែនការនេះត្រូវគេទម្លាយឲ្យដឹងជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២៤៕
ប្រែសម្រួល៖ អន សំអាង