ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

គោលដៅផលិតរថយន្តរបស់ថៃ បន្តធ្លាក់ចុះមកត្រឹម ១លាន ៥សែនគ្រឿងក្នុងឆ្នាំនេះ

២៧ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

សហព័ន្ធឧស្សាហកម្មថៃ បានបញ្ជាក់ថា គោលដៅផលិតរថយន្តសរុបសម្រាប់ឆ្នាំ ២០២៤ របស់ប្រទេសថៃ ត្រូវបានកាត់បន្ថយមកត្រឹម ១លាន ៥សែនគ្រឿង ដែលជាគោលដៅទាបបំផុត ចាប់តាំងពីឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។

 

អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បានថ្លែងថា សហព័ន្ធបានសម្រេចចិត្តកាត់បន្ថយគោលដៅផលិតរថយន្តសម្រាប់ការលក់ក្នុងស្រុកមកត្រឹម ៤៥ម៉ឺនគ្រឿង ធ្លាក់ចុះពី ៥៥ម៉ឺនគ្រឿង ក៏ដូចជាកាត់បន្ថយគោលដៅផលិតកម្ម សម្រាប់ការនាំចេញមកត្រឹម ១លានគ្រឿង ថយចុះពី ១លាន ១សែនគ្រឿង ដោយសារការលក់រថយន្តនៅក្នុងទីផ្សារក្នុងស្រុក នៅតែមានភាពរអាក់រអួល ទៅតាមលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងរបស់ធនាគារ ក្នុងការផ្តល់ប្រាក់កម្ចីរថយន្ត។ 

 


សហព័ន្ធឧស្សាហកម្មថៃ បានកែសម្រួលគោលដៅនេះជាលើកទី ២ហើយ ដោយកាលពីខែកក្កដា សហព័ន្ធ បានកែប្រែគោលដៅផលិតកម្មរថយន្តរបស់ខ្លួនរួចម្តងទៅហើយ ចុះមកត្រឹម ១លាន ៧សែនគ្រឿង ថយចុះពី ១លាន ៩សែនគ្រឿង។

 


ជាក់ស្តែង ផលិតកម្មរថយន្តសរុប ក្នុងខែតុលា បានធ្លាក់ចុះ ២៥% មកត្រឹម ១១ម៉ឺនគ្រឿង។ខណៈពេលដែលការផលិតសម្រាប់ទីផ្សារនាំចេញ បានធ្លាក់ចុះ ៧% ធៀបនឹងឆ្នាំមុននៅក្នុងខែតុលា ផលិតកម្មសម្រាប់ការលក់ក្នុងស្រុក បានធ្លាក់ចុះរហូតដល់ ៥១% ពីមួយឆ្នាំទៅមួយឆ្នាំ។ទន្ទឹមគ្នានេះ ចាប់ពីខែមករា ដល់ ខែតុលា ការផលិតរថយន្តសរុបរបស់ថៃ បានថយចុះ ១៩% មកត្រឹម ១លាន ២សែនគ្រឿង។

 


បរិមាណនៃការលក់រថយន្តក្នុងប្រទេសថៃ បានថយចុះ ៣៦% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥៤ខែចុងក្រោយនេះ ដោយមូលហេតុចម្បងគឺធនាគារ និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរថយន្ត បានបន្តរឹតបន្តឹងលក្ខណៈវិនិច្ឆ័យនៃ ការផ្តល់ប្រាក់កម្ចីដោយខ្លាចប្រាក់កម្ចីមិនដំណើរការ ដែលបណ្តាលមកពីបំណុលគ្រួសារខ្ពស់។
សូមជម្រាបផងដែរថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ ការនាំចេញរថយន្តរបស់ថៃ បានថយចុះ ៨% មកត្រឹម ៨៥ម៉ឺនគ្រឿង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024