ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

ដូណាល់ ត្រាំ មានផែនការដំឡើងពន្ធលើពាណិជ្ជកម្មជាមួយ ៣ប្រទេសសំខាន់ៗ

២៧ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានសន្យាដំឡើងពន្ធថ្មីលើ ដៃគូពាណិជ្ជកម្មធំជាងគេទាំង ៣ របស់សហរដ្ឋអាមេរិកគឺ កាណាដា ម៉ិកស៊ិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ បានថ្លែងថា លោកនឹងដាក់ពន្ធ ២៥% លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ពួកគេទប់ស្កាត់បញ្ហាគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែនខុសច្បាប់ ប៉ុន្តែការដំឡើងពន្ធនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយដែលហាក់ដូចជាបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

 


លើសពីនេះ លោក ដូណាល់ ត្រាំ ក៏បានគូសបញ្ជាក់អំពី ពន្ធបន្ថែម ១០% ទៀត ទៅលើ ពន្ធដែលមានស្រាប់លើការនាំចូលពីប្រទេសចិន ដែលវាជារបៀបដែល គាត់នឹងអនុវត្តរបៀបវារៈសេដ្ឋកិច្ចរបស់គាត់ចាប់តាំងពី ការឈ្នះការបោះឆ្នោត កាលពីថ្ងៃទី ៥ ខែវិច្ឆិកា។

 


តួយ៉ាង ច្រើនជាង ៨៣% នៃការនាំចេញពីម៉ិកស៊ិក ចូលទៅកាន់ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៣ ហើយ ៧៥% នៃការនាំចេញរបស់កាណាដា គឺទៅកាន់ប្រទេសអាមេរិកផងដែរ។


ពន្ធគយនេះ ក៏អាចបង្កបញ្ហាដល់ ក្រុមហ៊ុនក្រៅប្រទេសដូចជា ក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិចនៅអាស៊ីជាច្រើន ដែលប្រើម៉ិកស៊ិក ជាច្រកផលិតកម្មតម្លៃទាបសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។


ចំពោះប្រទេសចិន លោក ដូណាល់ ត្រាំ បានចោទប្រកាន់ ចិន ថា មិនបានចាត់វិធានការខ្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរនៃគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនចូលទៅក្នុងសហរដ្ឋអាមេរិក តាមរយៈប្រទេសម៉ិកស៊ិក។


ជាចុងក្រោយ លោក ត្រាំ បានបន្តថា អាមេរិក នឹងគិតថ្លៃពន្ធបន្ថែម ១០% លើផលិតផលជាច្រើនដែលចូលមកក្នុងសហរដ្ឋអាមេរិក រហូតដល់ពេលដែលពួកគេបញ្ឈប់បញ្ហាខាងលើនេះ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024