ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ប្រទេសសិង្ហបុរី បានរក្សាការព្យាករណ៍កំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ រង្វង់ ៣,៥% ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួន មានភាពល្អប្រសើរជាងការរំពឹងទុក ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី ៣ ឆ្នាំនេះ គឺស្របតាមការប៉ាន់ប្រមាណកម្រិតខ្ពស់ ៥,៤% និងលឿនជាងកំណើន ៤,១% នៃការព្យាករណ៍ទុកជាមុន។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានតម្លើងការព្យាករណ៍សេដ្ឋកិច្ចឆ្នាំ ២០២៤ បន្ទាប់ពីមើលឃើញពី លទ្ធផលល្អប្រសើរជាងការរំពឹងទុកក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ក៏ដូចជាស្ថានភាពសកល និងក្នុងស្រុក មានភាពប្រសើរឡើង។
សម្រាប់រយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំនេះ កំណើនផលិតផលក្នុងស្រុកសរុប មានជាមធ្យម ៣,៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លើសពីនេះ ក្រសួងកំពុងរំពឹងថា កំណើន GDP របស់សិង្ហបុរី ឆ្នាំ ២០២៥ នឹងកើនឡើងចន្លោះពី ១% ទៅ ៣%។ជារួម ក្រសួង បានសន្មត់ថា ទស្សនវិស័យតម្រូវការខាងក្រៅសរុបរបស់ប្រទេសសិង្ហបុរី នឹងនៅតែរក្សាបាននូវ ភាពធន់ សម្រាប់ចុងឆ្នាំ ២០២៤នេះ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ