ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រយៈពេល១០ខែ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចទំហំពាណិជ្ជកម្មជាង ៧៥លានដុល្លារ

២១ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ១០ខែ នៅក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៧៥លានដុល្លារអាម៉េរិក កើនឡើង ៧% ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើយោងតាម ការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា។

 

 

នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមួយនេះ ដែលបានចូលជាធរមាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ហើយវាជាសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅ ក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញ ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។

 


លោកជំទាវ បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា អាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ, អង្ករ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទទៀត។

 


ជាក់ស្តែងក្នុងរយៈពេល ១០ខែនេះ កម្ពុជា បាននាំចេញប្រមាណ ៥៥លានដុល្លារអាម៉េរិក ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម និងនាំចូលប្រមាណ ២០លានដុល្លារអាម៉េរិក។

 


គួរជម្រាបថា ទំនិញនាំចេញសំខាន់ៗពីកម្ពុជាគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពី អេមីរ៉ាតអារ៉ាប់រួម រួមមាន៖ ប្រេង និងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ+ក្រសួងពាណិជ្ជកម្ម

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024