ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០២៤នេះ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ៩៥ពាន់លានដុល្លារអាមេរិក ដែលបានធ្លាក់ចុះ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ក្រុមហ៊ុនវិនិយោគបរទេសថ្មីជាង ៤ម៉ឺន ៦ពាន់ ត្រូវបានបង្កើតឡើង ក្នុងអំឡុងខែមករាដល់ខែតុលា កើនឡើងប្រមាណជាង ១១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងស្ទុះងើបឡើងវិញ ជាមួយនឹងសន្ទុះខ្លាំងជាងការរំពឹងទុក ហើយសក្តានុពលទីផ្សារ កំពុងត្រូវបានបញ្ចេញក្នុងល្បឿនលឿន ចាប់តាំងពីដើមឆ្នាំនេះ។
វិស័យផលិតកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ បានទាក់ទាញការវិនិយោគប្រមាណ ១១ពាន់លានដុល្លារអាមេរិក ឬប្រហែល ១១% នៃលំហូរវិនិយោគសរុប ហើយលំហូរវិនិយោគទៅក្នុង ការផលិតបរិក្ខារ និងឧបករណ៍ពេទ្យ បានកើនឡើង ៦១% ខណៈដែលលំហូរចូលទៅក្នុងការផលិតឧបករណ៍កុំព្យូទ័រ និងការិយាល័យ បានកើនឡើង ៤៨% ក្នុងអំឡុងពេលនេះ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង ដើម្បីពង្រីកការបើកចំហទីផ្សារបន្ថែមទៀត ដើម្បីទាក់ទាញនិងប្រើប្រាស់មូលធនបរទេស។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួង នឹងប្រកាន់ខ្ជាប់នូវ គោលការណ៍រក្សាស្ថិរភាព ខណៈពេលដែលកំពុងស្វែងរកវឌ្ឍនភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាព បង្កើន និងលើកកំពស់គុណភាពនៃការវិនិយោគបរទេស។សូមជម្រាបថា ក្នុងមួយឆ្នាំ ២០២៣ពេញ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ១៥៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ