ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ថៃ សម្រេចការនាំចេញអង្ករជាង ៨,៣លានតោន ក្នុងរយៈពេល ១០ខែ

២១ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញអង្កររបស់ថៃ បានឈានដល់ ៨លាន ៣សែនតោន កើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។

 

 

ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសថៃ បាននាំចេញអង្ករចំនួន ៨លាន ៣សែនតោន ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ហើយរំពឹងថា នឹងនាំចេញបានជាង ៩លានតោន ក្នុងរយៈពេលពេញមួយឆ្នាំ ដែលមានតម្លៃ ៦ពាន់ ៤រយលានដុល្លារអាមេរិក។

 


ទន្ទឹមគ្នានេះ ការបញ្ជាទិញ គឺទទួលបានបន្តពី ទីផ្សារធំៗ ដូចជាប្រទេសឥណ្ឌូនេស៊ី អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ហើយជាលទ្ធផល ក្រសួងពាណិជ្ជកម្មថៃ និងសមាគមអ្នកនាំចេញអង្ករថៃ មានទំនុកចិត្តថា ការនាំចេញអង្ករនៅឆ្នាំនេះ នឹងឈានដល់ ៩លានតោន។

 


សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំនេះ ការនាំចេញអង្ករថៃ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង នៅពេលដែលការប្រមូលផលខិតជិតមកដល់ ជាមួយនឹងការបញ្ជាទិញបន្ថែមដោយទីផ្សារធំៗ ក្នុងការរៀបចំសម្រាប់បុណ្យណូអែល និងឆ្នាំថ្មី។

 


លើសពីនេះ ក្រសួងពាណិជ្ជកម្មថៃ កំពុងត្រួតពិនិត្យរដូវប្រមូលផលស្រូវថ្មី ដោយមានផែនការអនុវត្តវិធានការគាំទ្រ តាមការអនុម័តដោយ គណៈកម្មាធិការគោលនយោបាយស្រូវអង្ករជាតិ ដើម្បីជួយកសិករ ខណៈនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង កំពុងត្រួតពិនិត្យតម្លៃស្រូវ សម្រាប់ការប្រមូលផលឆ្នាំ ២០២៤/២០២៥។
សូមជម្រាបថា ស្រូវប្រមាណ ១៣លានតោន ត្រូវបានបញ្ចូលទៅក្នុងទីផ្សារ ដែលស្មើនឹង ៥០% នៃផលិតកម្មសរុប៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024