ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

វិនិយោគិនកូរ៉េ បង្ហាញបំណងចង់វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញ

២១ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

វិនិយោគិនកូរ៉េ មានបំណងចង់មកបណ្តាក់ទុនវិនិយោគលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទី នៅប្រទេសកម្ពុជា ដើម្បីនាំចេញ ខណៈរាជរដ្ឋាភិបាលកំពុងផ្ដោតលើការ លើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឱ្យមានការវិនិយោគលើកសិផលដែលមានសក្ដានុពល ក្នុងនោះ ដំណាំស្វាយចន្ទីជាដំណាំអាទិភាព។

 

 

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  ដោយវិនិយោគិនកូរ៉េ មានបំណងចង់វិនិយោគកែច្នៃ គ្រាប់ស្វាយចន្ទីនាំចេញ។

 


ស្ថិតនៅក្នុងជំនួបនោះ លោក Lee Kee Yun បានលើកឡើងថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈ សំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណង ចង់មកបណ្តាក់ទុនវិនិយោគលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ពីព្រោះក្រុមហ៊ុនបានមើលឃើញពីសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 


ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។

 


ជាមួយគ្នានេះ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក ស៊ុយ កុកធាន បានលើកឡើងថា គម្រោងវិនិយោគិនកូរ៉េនេះ ទទួលបានការចាប់អារម្មណ៍ទៅលើការកែច្នៃស្វាយចន្ទី និងកំពុងតែសិក្សាអំលិតពីការកែច្នៃ បរិមាណនៃការផលិត និងទំហំផ្ទៃដី ដែលវិនិយោគិនចង់មកបណ្តាក់ទុននៅកម្ពុជា។  ក្នុងនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី។

 


ទន្ទឹមនឹងនេះ ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ស្វាយចន្ទី មានសក្តានុពលខ្ពស់ ត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលជាច្រើនប្រភេទ រួមទាំងផលិតផលបានជាចំណីអាហារ ប្រេង គ្រឿងសំអាង និងជីវម៉ាស (Biomass) ជាដើម។ 

 


គួរជម្រាបថា យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ១០ខែ មករា-តុលា ឆ្នាំ ២០២៤ កម្ពុជា ផលិតស្វាយចន្ទីបានចំនួន ៨៤ម៉ឺនតោន កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ទីផ្សារវៀតណាមបានជាង ៧៩ម៉ឺនតោន កើនឡើង ៣១% គិតជាទឹកប្រាក់មានចំនួន ១ពាន់ ១០០ លានដុល្លារ កើនឡើង៩%។

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024